Register Already an agent ? Login

រកលុយបាន… តែដឹងទេថាអ្វីខ្លះជាប្រាក់ចំណូលជាប់ពន្ធ?

ភ្នំពេញ៖ ពន្ធលើប្រាក់ចំណូល គឺជាពន្ធស្នូលមួយក្នុងប្រព័ន្ធពន្ធដារ ដែលទាមទារឱ្យអ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ មានការយល់ដឹងច្បាស់លាស់អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ដើម្បីគណនា ប្រកាស និងបង់ពន្ធឱ្យបានត្រឹមត្រូវ និងតាមពេលវេលា។

ក្នុងអំឡុងពេលនៃការប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ កម្មវិធី “ពន្ធដារកម្ពុជា” ដែលផ្សាយផ្ទាល់លើទំព័រ Facebook ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ បានលើកយកប្រធានបទ “ពន្ធលើប្រាក់ចំណូល (ប្រាក់ចំណូលជាប់ពន្ធ)” មកធ្វើបទបង្ហាញ និងពិភាក្សា។

កម្មវិធីនេះមានការចូលរួមពី

  • លោក ហេង សុវណ្ណារ័ត្ន អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស ជាវាគ្មិន
  • លោកស្រី ហួត វណ្ណៈ អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ជាអ្នកសម្របសម្រួល

តើ “ប្រាក់ចំណូលជាប់ពន្ធ” មានន័យដូចម្តេច?

វាគ្មិនបានបញ្ជាក់ថា ពន្ធលើប្រាក់ចំណូល គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ដែលមានប្រាក់ចំណូលជាប់ពន្ធទទួលបានក្នុងឆ្នាំជាប់ពន្ធ។

  • អ្នកជាប់ពន្ធ និវាសនជន ត្រូវបង់ពន្ធលើប្រាក់ចំណូលពីប្រភពក្នុងស្រុក និងបរទេស
  • អ្នកជាប់ពន្ធ អនិវាសនជន ត្រូវបង់ពន្ធលើប្រាក់ចំណូលពីប្រភពក្នុងប្រទេសកម្ពុជា

ប្រាក់ចំណូលជាប់ពន្ធ សំដៅដល់ប្រាក់ចំណូលសុទ្ធ ដែលកើតចេញពីលទ្ធផលនៃប្រតិបត្តិការអាជីវកម្មគ្រប់ប្រភេទ បូករួមទាំង៖

  • ចំណេញមូលធន
  • ការប្រាក់
  • ថ្លៃឈ្នួល សួយសារ និងសំណងផ្សេងៗ
  • ប្រាក់ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យសកម្មវិនិយោគ រួមទាំងអចលនទ្រព្យ

និយាយឱ្យងាយយល់ ប្រាក់ចំណូលជាប់ពន្ធ គឺជាលទ្ធផលនៃ ការកាត់កងរវាងចំណូលដុល និងចំណាយទាំងអស់ ដែលកើតឡើងក្នុងអំឡុងពេលដំណើរការអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម។

ការបែងចែកប្រភេទចំណូលសម្រាប់គោលដៅពន្ធដៅពន្ធ

ចំណូលត្រូវបានបែងចែកជា ៣ប្រភេទសំខាន់ៗ ៖

១-ចំណូលពីសកម្មភាពអាជីវកម្មជាចំណូលដែលបានពីការផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម ដែលបានបញ្ជាក់នៅលើបណ្ណពន្ធប៉ាតង់ រួមទាំងការយកទំនិញ ឬសេវា មកប្រើប្រាស់ផ្ទាល់ខ្លួន។

២-ចំណូលបន្ទាប់បន្សំរួមមានចំណូលពី៖

  • ការជួលអចលនទ្រព្យ
  • ការដាក់អចលនទ្រព្យឱ្យតតិយជន ឬនិយោជិតប្រើប្រាស់ដោយឥតគិតថ្លៃ
  • សួយសារ
  • ការលក់កាកសំណល់
  • ការជួលសម្ភារអាជីវកម្ម
  • ប្រាក់ចំណូលពីសំបកវិចខ្ចប់ជាដើម

៣-ចំណូលផ្សេងៗរួមមាន៖

  • ចំណូលពីមូលបត្រ ភាគហ៊ុន និងភាគលាភ
  • ចំណូលហិរញ្ញវត្ថុ
  • ចំណូលពីសកម្មភាពសម្រាប់ប្រយោជន៍បុគ្គលិក
  • អំណោយ និងឧបត្ថម្ភធន
  • និងប្រភេទចំណូលផ្សេងៗទៀត

គួរបញ្ជាក់ថា ការយល់ដឹងច្បាស់អំពីប្រភេទចំណូល និងប្រាក់ចំណូលជាប់ពន្ធ គឺជាគន្លឹះសំខាន់ក្នុងការគោរពច្បាប់ពន្ធដារ និងបង្កើនភាពត្រឹមត្រូវក្នុងការប្រកាសពន្ធ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)