អន្តរជាតិ៖ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា (Joint Venture) ថ្មីមួយដែលត្រូវបានបង្កើតឡើងដើម្បីទិញយកទ្រព្យសកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងជាផ្លូវការហើយ។
ការប្រកាសនេះធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ មុនកាលបរិច្ឆេទផុតកំណត់ដែលកំណត់ដោយប្រធានាធិបតី ដូណាល់ ត្រាំ ដែលតម្រូវឱ្យក្រុមហ៊ុនមេ ByteDance របស់ចិន ត្រូវតែបំបែកទ្រព្យសកម្មរបស់កម្មវិធីនេះនៅសហរដ្ឋអាមេរិកជាដាច់ខាត។
ការបិទបញ្ចប់ប្រតិបត្តិការទិញលក់នេះ គឺជាការបិទបញ្ចប់នូវកិច្ចខិតខំប្រឹងប្រែង និងភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីធានាអនាគតរយៈពេលវែងរបស់ TikTok នៅលើទឹកដីសហរដ្ឋអាមេរិក ក៏ដូចជាដើម្បីដោះស្រាយរាល់ក្តីបារម្ភនានាដែលចោទប្រកាន់ថា កម្មវិធីនេះបានបង្កហានិភ័យដល់សន្តិសុខជាតិរបស់អាមេរិក។
រចនាសម្ព័ន្ធដឹកនាំ និងការការពារសន្តិសុខទិន្នន័យ
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមការងារនៃក្រុមហ៊ុនថ្មីនេះបានបញ្ជាក់ថា៖ «ក្រុមហ៊ុន Joint Venture ដែលភាគច្រើនជាកម្មសិទ្ធិរបស់អាមេរិក នឹងដំណើរការក្រោមការការពារយ៉ាងតឹងរ៉ឹង ដែលធានាសន្តិសុខជាតិតាមរយៈការការពារទិន្នន័យដ៏ទូលំទូលាយ សុវត្ថិភាពនៃក្បួនដោះស្រាយ (Algorithm) ការត្រួតពិនិត្យខ្លឹមសារ និងការធានាផ្នែកទន់សម្រាប់អ្នកប្រើប្រាស់អាមេរិក»។
ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងត្រូវដឹកនាំដោយនាយកប្រតិបត្តិ លោក Adam Presser ដែលធ្លាប់ជាអ្នកដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ TikTok ក្នុងការធានាសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់អាមេរិក។ ចំណែកឯលោក Will Farrell នឹងកាន់តួនាទីជាប្រធានផ្នែកសន្តិសុខ។
ប្រតិបត្តិការទាំងមូលនឹងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាភិបាល ដែលរួមមាន លោក Shou Chew (នាយកប្រតិបត្តិ TikTok សហរដ្ឋអាមេរិក), លោក Kenneth Glueck (អនុប្រធានប្រតិបត្តិនៅ Oracle), ព្រមទាំងតំណាងពីក្រុមហ៊ុនវិនិយោគធំៗដូចជា Susquehanna International Group, Silver Lake និងក្រុមហ៊ុន MGX របស់អេមីរ៉ាតអារ៉ាប់រួមជាដើម។
ការបែងចែកភាគហ៊ុន និងការគ្រប់គ្រង
យោងតាមអនុស្សរណៈដែលលោក Shou Chew បានផ្ញើទៅកាន់បុគ្គលិក កិច្ចព្រមព្រៀងនេះបានកំណត់រចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន ៥០%នៃភាគហ៊ុននឹងត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធវិនិយោគិនដែលមានក្រុមហ៊ុនបច្ចេកវិទ្យា Oracle, ក្រុមហ៊ុន Silver Lake និងក្រុមហ៊ុន MGX។ ជាង ៣០% នឹងត្រូវកាន់កាប់ដោយសាខារបស់វិនិយោគិនដែលមានស្រាប់នៅក្នុងក្រុមហ៊ុន ByteDance។ ១៩.៩% នឹងត្រូវបានរក្សាទុកដោយក្រុមហ៊ុន ByteDance ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គភាព TikTok សកលដែលគ្រប់គ្រងដោយ ByteDance នឹងនៅតែបន្តគ្រប់គ្រងលើផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក ការផ្សាយពាណិជ្ជកម្ម និងទីផ្សារនៅលើវេទិកាថ្មីរបស់សហរដ្ឋអាមេរិកដដែល។
បច្ចេកវិទ្យា និងការត្រួតពិនិត្យ
ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង អង្គភាពថ្មីនេះនឹងធ្វើការបណ្តុះបណ្តាលក្បួនដោះស្រាយ (Algorithm) របស់ TikTok ឡើងវិញដោយប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់អាមេរិក ក្រោមការត្រួតពិនិត្យការផ្ទុកទិន្នន័យដោយក្រុមហ៊ុន Oracle។ វិធានការនេះធ្វើឡើងដើម្បីធានាថា ByteDance មិនអាចរៀបចំក្បួនដោះស្រាយក្នុងនាមរដ្ឋាភិបាលចិន ដើម្បីជះឥទ្ធិពលលើសាធារណមតិអាមេរិកបានឡើយ។
ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាបានសង្កត់ធ្ងន់ថា៖ «អន្តរប្រតិបត្តិការនេះអនុញ្ញាតឱ្យយើងផ្តល់ជូនអ្នកប្រើប្រាស់អាមេរិកនូវបទពិសោធន៍ TikTok ជាសកល ដោយធានាថាអ្នកបង្កើតមាតិកាអាមេរិកអាចត្រូវបានគេស្គាល់ទូលំទូលាយ»។
ដំណើរដើមទង និងបរិបទនយោបាយ
វិវាទជុំវិញ TikTok បានចាប់ផ្តើមតាំងពីអាណត្តិទីមួយរបស់លោក ដូណាល់ ត្រាំ ដែលបានសន្យាហាមឃាត់កម្មវិធីនេះ។ ភាពតានតឹងបានកើនឡើងនៅឆ្នាំ ២០២៤ នៅពេលដែលលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើច្បាប់តម្រូវឱ្យបំបែក TikTok ចេញពី ByteDance បើមិនដូច្នេះទេនឹងត្រូវហាមឃាត់។ ក្នុងអាណត្តិទីពីររបស់លោក លោក ត្រាំ បានពន្យារពេលការអនុវត្តច្បាប់នេះ ដើម្បីទុកពេលឱ្យមានការចរចាផ្ទេរការគ្រប់គ្រងទៅឱ្យក្រុមហ៊ុនអាមេរិកវិញ។
ប្រតិកម្មពីភាគីចិន
រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងប៉េកាំងមិនទាន់បានបកស្រាយលម្អិតអំពីរចនាសម្ព័ន្ធនៃកិច្ចព្រមព្រៀងចុងក្រោយនេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ លោក He Yongqian អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន ធ្លាប់បានបញ្ជាក់កាលពីខែមុនថា ភាគីទាំងពីរបានឈានដល់ការឯកភាពជាមូលដ្ឋានលើក្របខ័ណ្ឌដោះស្រាយបញ្ហានេះ។
លោកបានថ្លែងថា៖ «ប្រទេសចិនសង្ឃឹមថា ភាគីសហរដ្ឋអាមេរិកនឹងធ្វើការក្នុងទិសដៅដូចគ្នានឹងចិន ដោយផ្តល់បរិយាកាសអាជីវកម្មដ៏យុត្តិធម៌ បើកចំហ និងមិនរើសអើង សម្រាប់ប្រតិបត្តិការរបស់សហគ្រាសចិននៅសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់អាមេរិកជាង ២០០លាននាក់ ដែលពឹងផ្អែកលើកម្មវិធី TikTok សម្រាប់ការកម្សាន្ត និងការប្រកបអាជីវកម្ម ដោយពួកគេនឹងមិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ណាមួយក្នុងការប្រើប្រាស់ប្រចាំថ្ងៃនោះទេ៕
ប្រភព៖ CNN,TikTok Press Release
ប្រែសម្រួលដោយ៖ MD-Angkor