Register Already an agent ? Login

កម្ពុជា ពន្លឿនការផ្លាស់ប្តូរជនបទ តាមរយៈ “ភូមិគំរូ” ៥១ភូមិ

ភ្នំពេញ៖ កម្ពុជា កំពុងបន្តជំរុញការអភិវឌ្ឍជនបទឱ្យមានគុណភាព និងចីរភាព តាមរយៈកម្មវិធី “ភូមិគំរូ” ដែលត្រូវបានចាត់ទុកថាជាគន្លឹះសំខាន់ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនភាពរឹងមាំរបស់សហគមន៍មូលដ្ឋាន។

នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងការរៀបចំពិធីប្រកាសទទួលស្គាល់ “ភូមិគំរូ” សម្រាប់ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញពាក់ព័ន្ធ។

តាមរបាយការណ៍វាយតម្លៃរបស់ក្រសួង ក្នុងឆ្នាំ២០២៥ មានការជ្រើសរើស និងគាំទ្រការអភិវឌ្ឍ “ភូមិគំរូ” សរុបចំនួន ៥១ភូមិ នៅទូទាំង ២៥ រាជធានី-ខេត្ត។ ក្នុងនោះ ភូមិចំនួន ៦ ទទួលបានចំណាត់ថ្នាក់ផ្កាយ ៣ ភូមិចំនួន ៣៥ ទទួលបានផ្កាយ ២ និងភូមិចំនួន ១០ ទទួលបានផ្កាយ ១ ដែលបង្ហាញពីវឌ្ឍនភាពជាក់ស្តែងនៃការអភិវឌ្ឍសហគមន៍ជនបទ។

លោករដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ ដែលបានអនុវត្តការងារតាមផែនការដែលបានកំណត់ និងទទួលបានលទ្ធផលជាក់លាក់ បង្ហាញពីសមត្ថភាពរដ្ឋបាល និងការសហការល្អជាមួយសហគមន៍មូលដ្ឋាន។

ក្នុងទិសដៅអនាគត ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់គោលដៅអភិវឌ្ឍ “ភូមិគំរូ” និង “ភូមិគំរូគន្លឹះ” ចំនួន ២៣០ភូមិ នៅត្រឹមឆ្នាំ២០២៨ ដើម្បីបង្កើតផលប៉ះពាល់វិជ្ជមានដល់ភូមិជុំវិញ និងជំរុញសេដ្ឋកិច្ចជនបទឱ្យមានចីរភាព។

គួរបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងរៀបចំពិធីប្រកាស និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ ភូមិគំរូ ៥១ភូមិ សម្រាប់ឆ្នាំ២០២៥ នាពេលឆាប់ៗខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)