Register Already an agent ? Login

ភូមិភាគឦសានកម្ពុជា ក្លាយជាគោលដៅវិនិយោគថ្មី ២២គម្រោង ទុន៤០០លានដុល្លារ ត្រូវបានអនុម័ត

ភ្នំពេញ៖ ភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា កំពុងក្លាយជាគោលដៅវិនិយោគថ្មីដែលមានសក្តានុពលខ្ពស់ បន្ទាប់ពីក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានអនុម័តជាផ្លូវការលើការផ្តល់ គោលការណ៍លើកទឹកចិត្តពិសេស សម្រាប់គម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៣៩៥លានដុល្លារអាម៉េរិក ដែលរំពឹងថានឹងបង្កើតការងារថ្មីបានប្រមាណ ៤,១៦០កន្លែង។

ការអនុម័តនេះត្រូវបានសម្រេចក្នុងកិច្ចប្រជុំដឹកនាំដោយ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក.វ.ឦសាន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងភាគីវិនិយោគ។

គម្រោងវិនិយោគចម្រុះគ្របដណ្តប់ ៤ខេត្ត ក្នុងចំណោមគម្រោងវិនិយោគទាំង ២២ នេះមាន៖ *៥ គម្រោងនៅខេត្តក្រចេះ *១០ គម្រោងនៅខេត្តស្ទឹងត្រែង *២ គម្រោងនៅខេត្តរតនគិរី *៥ គម្រោងនៅខេត្តមណ្ឌលគិរី។

គម្រោងទាំងនេះមានសកម្មភាពចម្រុះ រួមមាន បណ្ដុំសហគ្រាសធុនតូច និងមធ្យម (SMEs), គ្រឹះស្ថានឧត្តមសិក្សា, មន្ទីរពហុព្យាបាល, សណ្ឋាគារ និងរីសតទេសចរណ៍វប្បធម៌, កសិដ្ឋានចិញ្ចឹមសត្វ, កសិដ្ឋានដាំដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងរោងចក្រកែច្នៃកសិផល ដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ទុរេន ឈើដាំ និងកាហ្វេ។

បន្ថែមពីលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ក.វ.ឦសាន ក៏បានសម្របសម្រួល និងគាំទ្រការអនុវត្តគម្រោងវិនិយោគជាក់ស្តែង ដូចជា ការធ្វើបច្ចុប្បន្នភាពកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច, ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងការសម្របសម្រួលសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធានាឱ្យគម្រោងអនុវត្តបានដោយរលូន និងឆាប់រហ័ស។

ថ្លែងក្នុងកិច្ចប្រជុំ លោក ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា វិនិយោគិនដែលទទួលបានគោលការណ៍វិនិយោគ ត្រូវយកចិត្តទុកដាក់លើការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ ដោយផ្តោតលើការបង្កើតការងារ ការផ្ទេរជំនាញ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការជំរុញការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែម និងភាពប្រកួតប្រជែងសេដ្ឋកិច្ច។

គួរបញ្ជាក់ថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥–២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ក្នុងឆ្នាំ២០២៥ កន្លងទៅ ក.វ.ឦសាន បានអនុម័តគម្រោងវិនិយោគចំនួន ១៣គម្រោង ក្រោមទុនវិនិយោគសរុប ៦៦៨,៧ លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារថ្មីបានប្រមាណ ១២,៧៧៧កន្លែង ហើយគម្រោងទាំងនេះបានចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៦។

ជាស្ថិតិសរុប ចាប់ពីការប្រកាសអនុវត្តកម្មវិធីពិសេស មកទល់ខែមករា ឆ្នាំ២០២៦ ក.វ.ឦសាន បានពិនិត្យ និងសម្របសម្រួលគម្រោងវិនិយោគសរុប ៣៥គម្រោង ក្រោមទុនវិនិយោគប្រមាណ ១,០៦៣លានដុល្លារអាម៉េរិក ដែលរំពឹងថានឹងបង្កើតការងារបានជិត ១៧,០០០កន្លែង។

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងបន្តអនុវត្តភារកិច្ចរបស់ខ្លួនតាមយន្តការ «ច្រកចេញចូលតែមួយ» និងអភិក្រម «រដ្ឋាភិបាលតួអង្គតែមួយ» ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ បង្កើនទំនុកចិត្តវិនិយោគិន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សម្រាប់ភូមិភាគឦសាន និងសេដ្ឋកិច្ចជាតិទាំងមូល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)