ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានចេញសារក្រើនរំលឹកជាផ្លូវការ ដល់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និងភ្នាក់ងារសេវាកម្មពន្ធដារ អំពីកាតព្វកិច្ចក្នុងការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥ ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងការអនុវត្តត្រឹមត្រូវតាមច្បាប់ស្តីពីពន្ធដារជាធរមាន។
អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងលេខ ១៣២២ អពជ ដោយណែនាំលម្អិតអំពីនីតិវិធី និងកាលកំណត់សម្រាប់ការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដូចខាងក្រោម៖
១. ការដាក់លិខិតប្រកាសតាមប្រព័ន្ធអេឡិចត្រូនិក
សហគ្រាសទាំងអស់ត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមប្រព័ន្ធអនឡាញ (Tax on Income – TOI e-Filing) តាមរយៈគេហទំព័រ [www.tax.gov.kh/km/e-service](http://www.tax.gov.kh/km/e-service) ស្របតាមសេចក្តីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ហើយត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
២. សហគ្រាសមានឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន
សហគ្រាសដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ យ៉ាងយឺតបំផុតក្នុងរយៈពេល **៣ខែ បន្ទាប់ពីដំណាច់ឆ្នាំជាប់ពន្ធ**។
៣. សហគ្រាសមានសាខា
សហគ្រាសដែលមានសាខា ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំជាមួយគ្នា ដោយសរុបលទ្ធផលរបស់គ្រឹះស្ថានជាគោលដើម និងរួមបញ្ចូលលទ្ធផលរបស់សាខាទាំងអស់។ សហគ្រាសត្រូវប្រកាសបញ្ជីគណនីចំណូល និងចំណាយ ព្រមទាំងតារាងទ្រព្យសកម្មរយៈពេលវែងរបស់សាខានីមួយៗ ដោយវាយបញ្ចូលទៅក្នុងប្រព័ន្ធ នៅផ្នែក “សាខាសហគ្រាសក្នុងស្រុក”។
៤. ការប្រកាសជំនួសអ្នកជាប់ពន្ធ
ចំពោះបុគ្គលិកក្រុមហ៊ុន ឬភ្នាក់ងារសេវាកម្មពន្ធដារ ដែលទទួលបន្ទុកដាក់លិខិតប្រកាសពន្ធប្រចាំខែ ឬប្រចាំឆ្នាំជំនួសអ្នកជាប់ពន្ធ ត្រូវភ្ជាប់ (Upload) ប័ណ្ណសម្គាល់ខ្លួនបុគ្គលិក សម្រាប់បុគ្គលិកក្រុមហ៊ុន ឬលិខិតប្រគល់សិទ្ធិជាលាយលក្ខណ៍អក្សរ ពីអ្នកជាប់ពន្ធ សម្រាប់ភ្នាក់ងារសេវាកម្មពន្ធដារ ទៅក្នុងប្រព័ន្ធ។
៥. ឯកសារហិរញ្ញវត្ថុត្រូវភ្ជាប់ជាចាំបាច់
សហគ្រាសទាំងអស់ដែលមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ត្រូវភ្ជាប់ (Upload) ទៅក្នុងប្រព័ន្ធនូវតារាងតុល្យការ គណនីលទ្ធផល និងព័ត៌មានបន្ថែម (ប្រសិនបើមាន) ដើម្បីបំពេញតាមតម្រូវការរបស់អាជ្ញាធរពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវឱ្យអ្នកជាប់ពន្ធទាំងអស់ អនុវត្តតាមសេចក្តីណែនាំនេះឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការពិន័យ និងចូលរួមលើកកម្ពស់វប្បធម៌គោរពច្បាប់ពន្ធដារ ស្របតាមគោលនយោបាយធ្វើទំនើបកម្មរដ្ឋបាលពន្ធ និងការពង្រឹងតម្លាភាពសេដ្ឋកិច្ចនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)