Register Already an agent ? Login

កម្ពុជា បើកទ្វារទៅកាន់វិនិយោគឧស្សាហកម្មបៃតងពីតំបន់ឆ្នេរក្វាងតុង–ហុងកុង–ម៉ាកាវ

ភ្នំពេញ៖ កម្ពុជាបន្តពង្រឹងតួនាទីរបស់ខ្លួនជាគោលដៅវិនិយោគថ្មីក្នុងតំបន់ ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ ក្វាងតុង–ហុងកុង–ម៉ាកាវ (Greater Bay Area) ដែលជាតំបន់សេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតមួយរបស់ចិន។

នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបលោក Liang Songshou និងគណៈប្រតិភូ ដែលភាគច្រើនជាតំណាងក្រុមហ៊ុនមានបំណងបណ្តាក់ទុនជាក់ស្តែងនៅកម្ពុជា។ ជំនួបនេះជាលើកទី២ បន្ទាប់ពីការពិភាក្សាកម្រិតខ្ពស់កាលពីចុងឆ្នាំ២០២៤ ដែលបង្ហាញពីវឌ្ឍនភាព និងភាពជឿជាក់របស់វិនិយោគិនចិនចំពោះទីផ្សារកម្ពុជា។

ក្នុងកិច្ចពិភាក្សា ភាគីចិនបានបញ្ជាក់ពីផែនការវិនិយោគលើ ឧស្សាហកម្មផលិតក្រដាសអនាម័យ សម្ភារៈការិយាល័យ និងថាមពលកកើតឡើងវិញ ដែលស្របតាមទិសដៅអភិវឌ្ឍន៍ឧស្សាហកម្មបៃតង និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព។ ក្រុមហ៊ុនជាសមាជិកសហព័ន្ធ បានសិក្សាបរិស្ថានវិនិយោគនៅកម្ពុជាអស់រយៈពេលជាងមួយឆ្នាំ និងបានសម្រេចចិត្តឈានទៅជំហានអនុវត្តជាក់ស្តែង។

ជាការឆ្លើយតប ភាគីកម្ពុជាបានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងទាំងនេះ ព្រមទាំងលើកទឹកចិត្តឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើ ការការពារបរិស្ថាន ការប្រើប្រាស់ថាមពលស្អាត និងការបង្កើតតម្លៃបន្ថែមក្នុងស្រុក។

ជាពិសេស CDC បានផ្តល់យោបល់អំពីការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសឯកទេស សម្រាប់ឧស្សាហកម្មក្រដាស និងសម្ភារៈការិយាល័យ ដែលអាចភ្ជាប់ជាមួយការផលិតថាមពលកកើតឡើងវិញ ដើម្បីបំពេញតម្រូវការផលិតកម្មក្នុងតំបន់។ ជាការគូសបញ្ជាក់ លោក ជា វុទ្ធី។

លើសពីនេះ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ការផលិតវត្ថុធាតុដើម និងការវិនិយោគកែច្នៃកសិផល ត្រូវបានចាត់ទុកជាឱកាសវិនិយោគថ្មីៗដែលមានសក្តានុពលខ្ពស់។ CDC ក៏បានអញ្ជើញឱ្យក្រុមហ៊ុនរួសរាន់ចុះបញ្ជីវិនិយោគ ដើម្បីទាញយកអត្ថប្រយោជន៍ពីគោលនយោបាយ និងកាលានុវត្តភាពសេដ្ឋកិច្ចរបស់កម្ពុជា។

ជំនួបនេះបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនត្រឹមតែជាទីតាំងផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូវិនិយោគយុទ្ធសាស្ត្រសម្រាប់អនាគតឧស្សាហកម្មបៃតង និងការរីកចម្រើនប្រកបដោយចីរភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)