ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំដ៏សំខាន់ ដឹកនាំដោយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួង ដើម្បីបូកសរុបលទ្ធផលនៃគម្រោង “ភូមិគំរូចលនាភូមិថ្មី” ដែលបានអនុវត្តក្នុងរយៈពេល ៥ឆ្នាំ (២០២២-២០២៦) នៅភូមិចំនួន ៤ ក្នុងឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែមករា ២០២៦។
គម្រោងនេះមានគោលបំណងចម្បងក្នុងការកែលម្អជីវភាពសហគមន៍, បង្កើនសមត្ថភាព និងភាពអង់អាច, រួមបង្កើតបរិយាកាសរស់នៅល្អ និងបង្កើត គំរូសហគមន៍ ដែលអាចក្លាយជាគំរូសម្រាប់ការបណ្តុះបណ្តាល និងការផ្លាស់ប្ដូរផ្នត់គំនិតសង្គម។ កិច្ចប្រជុំក៏បានពិនិត្យលើ គម្រោងសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ នៅខេត្តតាកែវ ដែលមានបំណងបង្កើនធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មក្នុងសហគមន៍។
មជ្ឈមណ្ឌលនេះ នឹងស្ថិតលើផ្ទៃដីទំហំ ៨៦,៤៨៨ម៉ែត្រការ៉េ នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ហើយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ អាគាររដ្ឋបាល, អាគារស្នាក់នៅ, ចំណតរថយន្ដ, កសិដ្ឋានដាំដុះ និងចិញ្ចឹមសត្វ។
គម្រោងនេះ គឺជាជំនួយឥតសំណងពីសាធារណៈរដ្ឋកូរ៉េ តាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) ក្រោមការសម្របសម្រួលរបស់ក្រសួង អនុវត្តរយៈពេល ៥ឆ្នាំ (២០២៤-២០២៨) ដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង និងកែលម្អស្ថានភាពរស់នៅ។
គោលដៅមួយទៀតនៃគម្រោងនេះ គឺការកសាងសមត្ថភាពសហគមន៍ តាមរយៈបច្ចេកទេស និងជំនាញអាជីវកម្មកសិកម្ម បច្ចេកវិទ្យាកសិកម្មទំនើប និងការអនុវត្ត CamGAP ជាមួយការចូលរួមសកម្មរបស់ស្ត្រី និងការបង្កើតកសិដ្ឋានដំណាំសរីរាង្គចម្រុះ ដើម្បីបង្កើនទឹកប្រាក់ចំណូល និងសុវត្ថិភាពស្បៀងសម្រាប់សហគមន៍។
ការរីកចម្រើននេះ បង្ហាញពី ទិសដៅថ្មីនៃការអភិវឌ្ឍជនបទកម្ពុជា ដែលបញ្ចូលគ្នារវាងសេដ្ឋកិច្ច, សង្គម និងបរិស្ថាន ដោយផ្ដោតលើការពង្រឹងសហគមន៍ និងការអភិវឌ្ឍយុទ្ធសាស្រ្ត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)