ភ្នំពេញ៖ លោក ហេង សុធី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Blake Dawgert ប្រធានផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី។
កិច្ចពិភាក្សានេះ មានគោលបំណងផ្លាស់ប្តូរយោបល់ និងឈ្វេងយល់បន្ថែមអំពីសក្តានុពល និងឱកាសវិនិយោគក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាវិស័យអាទិភាពសំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់តំបន់ នាថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ភាគីកម្ពុជា បានបង្ហាញជូនអំពីទិសដៅអភិវឌ្ឍន៍ និងគម្រោងអាទិភាពសំខាន់ៗ ដែលបានដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រ ១០ឆ្នាំ ស្តីពីការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ (២០២៦–២០៣៥)។ គម្រោងទាំងនេះ រួមមានការអភិវឌ្ឍឧស្សាហកម្មផលិតនាវា ការចុះបញ្ជី និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងចលនានាវាចរណ៍ ក៏ដូចជាការពង្រឹងសន្តិសុខ សុវត្ថិភាព និងការការពារបរិស្ថាន ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។
លោក ហេង សុធី បានគូសបញ្ជាក់ថា កម្ពុជា មានបរិយាកាសអំណោយផលសម្រាប់ការវិនិយោគក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយផ្អែកលើស្ថិរភាពនយោបាយ សំទុះកំណើនសេដ្ឋកិច្ច ក្របខណ្ឌគតិយុត្តច្បាស់លាស់ និងគោលនយោបាយលើកទឹកចិត្តវិនិយោគរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ភាគីកម្ពុជា បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមវិនិយោគពីបរទេស ជាពិសេសពីសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ ភាគីទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងការចែករំលែកបទពិសោធន៍បច្ចេកទេស ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)