Register Already an agent ? Login

រដ្ឋមន្ត្រីក្រសួងធនធានទឹក ពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹកសំខាន់ៗ សម្រេចជិត ១០០% នៅកំពង់ស្ពឺ និងភ្នំពេញ

កំពង់ស្ពឺ–ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពអនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច–ស្ទឹងក្រោមបាទី និងស្ថានីយបូមទឹកនៃអនុគម្រោងប្រឡាយមេជើងឯក ដែលស្ថិតក្នុងគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ជំហានទី១ និងទី២។ គម្រោងទាំងនេះបានអនុវត្តដល់ដំណាក់កាលជិតបញ្ចប់ ១០០%។

អនុគម្រោងស្ទឹងតូច–ស្ទឹងក្រោមបាទី ស្ថិតក្នុងខេត្តកំពង់ស្ពឺ មានសមត្ថភាពបង្វែរទឹកប្រមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទី ពីស្ទឹងព្រែកត្នោត ឆ្លងកាត់ស្ទឹងតូច ចូលបឹងទន្លេបាទី និងបន្តទៅបឹងជើងលោក។ ការងារសំខាន់ៗរួមមាន ការស្តារស្ទឹងប្រវែងសរុប ៥៨គីឡូម៉ែត្រ និងសំណង់សិល្បការ្យចំនួន ៦៦កន្លែង រួមទាំងសំណង់ស្ទាក់ទឹកកម្ពស់ ៨ម៉ែត្រ ដែលមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងលំហូរទឹក។

ជាមួយគ្នានេះ អនុគម្រោងប្រឡាយមេជើងឯក ស្ថិតក្នុងខណ្ឌកំបូល និងដង្កោ រាជធានីភ្នំពេញ រួមមានប្រឡាយមេ ៣ ខ្សែ និងប្រឡាយតភ្ជាប់ ១ ខ្សែ សរុបប្រវែង ២៦.៥ គីឡូម៉ែត្រ ព្រមទាំងស្ថានីយបូមទឹកចំនួន ៣កន្លែង ដែលមានតួនាទីសំខាន់ក្នុងការកាត់បន្ថយហានិភ័យទឹកជំនន់នៅតំបន់ភាគខាងត្បូងនៃរាជធានី។

សរុបមក គម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ជំហានទី១ និងទី២ មានអនុគម្រោងចំនួន ១០ ស្តារស្ទឹង និងប្រឡាយប្រមាណ ២៦០គីឡូម៉ែត្រ និងសំណង់សិល្បការ្យសរុប ៣៦៦កន្លែង គ្របដណ្តប់លើខេត្តកំពង់ស្ពឺ កណ្តាល តាកែវ និងរាជធានីភ្នំពេញ។ គម្រោងនេះត្រូវបានចាត់ទុកថា ជាសសរមូលដ្ឋានសម្រាប់ការគ្រប់គ្រងទឹក ការពារទឹកជំនន់ និងគាំទ្រការអភិវឌ្ឍទីក្រុង និងជនបទប្រកបដោយចីរភាព៕


ដោយ៖ មឿន ឌីណា (Moeun Dyna)