Register Already an agent ? Login

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យគម្រោងផ្លូវជនបទ ខេត្តកំពង់ធំ–សៀមរាប

ខេត្តកំពង់ធំ–សៀមរាប៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានសហការជាមួយគណៈកម្មការអន្តរក្រសួង និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើគម្រោងផ្លូវជនបទចំនួន ២ខ្សែ ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ។

គម្រោងទី១ ជាការស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ប្រវែង ៥,៥២០ម៉ែត្រ ទទឹង ៧ម៉ែត្រ ភ្ជាប់ពីភូមិកកោះ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ទៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ គម្រោងនេះរួមមានការសាងសង់ប្រព័ន្ធលូ និងផ្លាកសញ្ញាផ្លូវ ដើម្បីបង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ។

ចំណែកគម្រោងទី២ ជាការស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ប្រវែង ៤,៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅក្នុងឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ ផ្លូវនេះត្រូវបានបំពាក់លូប្រអប់ និងលូមូលជាច្រើនកន្លែង ព្រមទាំងផ្លាកសម្គាល់ផ្លូវ ហើយត្រូវបានវាយតម្លៃថា សម្រេចតាមលក្ខណៈបច្ចេកទេស និងបានបញ្ចប់សុពលភាពជាផ្លូវការ។

ក្នុងឱកាសចុះត្រួតពិនិត្យនេះ ក្រុមការងារបានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវ ដោយលើកឡើងពីសារៈសំខាន់នៃផ្លូវជនបទ ក្នុងការតភ្ជាប់សហគមន៍ ការធ្វើដំណើរ និងសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន។ ភាគីពាក់ព័ន្ធក៏បានអំពាវនាវឲ្យមានការថែទាំផ្លូវជាបន្តបន្ទាប់ ដើម្បីធានាថាហេដ្ឋារចនាសម្ព័ន្ធទាំងនេះ អាចប្រើប្រាស់បានយូរអង្វែង និងមានប្រសិទ្ធភាព។

ការអនុវត្តគម្រោងផ្លូវជនបទទាំងនេះ ស្ថិតក្នុងបរិបទនៃគោលនយោបាយជាតិអភិវឌ្ឍជនបទ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេស ដែលផ្តោតលើការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបណ្តាញផ្លូវជនបទ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច ការតភ្ជាប់តំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)