Register Already an agent ? Login

ក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យគុណភាពផ្លូវជនបទ ១១ខ្សែ នៅកំពត–តាកែវ

ខេត្តកំពត-តាកែវ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះពិនិត្យគុណភាពផ្លូវជនបទចំនួន ១១ខ្សែ នៅក្នុងខេត្តកំពត និងខេត្តតាកែវ ដែលកំពុងសាងសង់ និងខ្លះបានបញ្ចប់រួចរាល់ ដើម្បីធានាគុណភាពបច្ចេកទេស និងប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ។

នៅខេត្តកំពត មានផ្លូវសំខាន់ៗចំនួន ៥ខ្សែ ត្រូវបានពិនិត្យ រួមមានផ្លូវ ដំបូកខ្ពស់–NR31, ត្រពាំងរុន–ដំណាក់ត្រយឹង, គាថាវង្សក្រោម–ម្រោម, ដើមដូង–ខ្នាច និង វត្តប្រាងសុវណ្ណ–វត្តចំប៉ី។ ផ្លូវទាំងនេះមានប្រវែងសរុបរាប់សិបគីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូ DBST ក្រាលបេតុង និងក្រាលល្បាយក្រួស ដែលភ្ជាប់ភូមិឃុំជាច្រើន និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់។ ផ្លូវខ្លះសម្រេចលទ្ធផលជិត ១០០% ហើយខ្លះកំពុងបន្តសាងសង់តាមផែនការ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត យកចិត្តទុកដាក់លើការថែទាំ និងជួសជុលស្ពានបេឡេត៍នៅលើផ្លូវ ដើមដូង–ខ្នាច និងសិក្សាបញ្ចូលផ្លូវនេះទៅក្នុងគម្រោងអភិវឌ្ឍន៍ ដើម្បីលើកកម្រិតគុណភាពឲ្យធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវ។

នៅខេត្តតាកែវ ក្រុមការងារបានពិនិត្យផ្លូវចំនួន ៦ខ្សែ រួមមាន មឿងចារ្យ–អង្គរកា, NR2–វត្តភ្ងាស, ភូមិពោន–វត្តក្រពុំឈូក, ដើមដូង–Road No.111, ព្រៃសណ្ដែក–ត្នោតជុំ និងNR2–ព្រៃផ្អាវ។ ផ្លូវទាំងនេះភាគច្រើនជាផ្លូវក្រាលកៅស៊ូ DBST និងបេតុង ដែលភ្ជាប់សហគមន៍ជនបទទៅកាន់ទីផ្សារ វត្តអារាម និងមជ្ឈមណ្ឌលសេដ្ឋកិច្ច ដោយផ្តល់ផលប្រយោជន៍ផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់។ ផ្លូវខ្លះបានបញ្ចប់ស្ថាពរហើយ ខណៈខ្លះទៀតកំពុងសាងសង់ និងគ្រោងបញ្ចប់ក្នុងពេលឆាប់ៗ។

ផ្លូវទាំង ១១ខ្សែនេះ ត្រូវបានអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយមានការគាំទ្រហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមមាន ADB, IFAD, EDCF, EIB និងមូលនិធិវិនិយោគអាស៊ីនៃសហភាពអឺរ៉ុប។

ក្នុងការចុះពិនិត្យនេះ រដ្ឋមន្ត្រីបានណែនាំដល់ក្រុមហ៊ុនសាងសង់ ឲ្យកែលម្អចំណុចដែលមិនទាន់ស្របតាមលក្ខណៈបច្ចេកទេស និងអនុវត្តឲ្យបានត្រឹមត្រូវតាមប្លង់បច្ចេកទេស ដើម្បីធានាថា ផ្លូវជនបទទាំងនេះមានគុណភាព ប្រើប្រាស់បានយូរ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទឲ្យកាន់តែប្រសើរ។

នៅខេត្តកំពត ក្រុមការងារបានពិនិត្យផ្លូវសំខាន់ៗចំនួន ៥ខ្សែ៖

• ផ្លូវ ដំបូកខ្ពស់–NR31 ជាផ្លូវក្រាលកៅស៊ូ DBST និងបេតុង ប្រវែង ១៦,៥២គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់ចាប់ពីខែកញ្ញា ឆ្នាំ២០២៤ និងសម្រេចបានជិតពេញលេញ។

• ផ្លូវ ត្រពាំងរុន–ដំណាក់ត្រយឹង ជាផ្លូវ DBST ប្រវែង ៥,២៧៦គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថាបនាក្នុងឆ្នាំ២០២៣ ក្រោមគម្រោង CFAVC។

• ផ្លូវ គាថាវង្សក្រោម–ម្រោម ជាផ្លូវ DBST និងបេតុង ប្រវែង ៩,៦៣គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់ចាប់ពីខែកញ្ញា ឆ្នាំ២០២៤ និងសម្រេចជិតបញ្ចប់។

• ផ្លូវ ដើមដូង–ខ្នាច ជាផ្លូវក្រាលល្បាយក្រួស ប្រវែង ២០,៥០គីឡូម៉ែត្រ ដែលត្រូវបានណែនាំឲ្យពង្រឹងការថែទាំ និងពិចារណាលើការលើកកម្រិតគុណភាពនាពេលក្រោយ។

• ផ្លូវ វត្តប្រាងសុវណ្ណ–វត្តចំប៉ី ជាផ្លូវ DBST និងបេតុង ប្រវែង ៨,៥៤គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ដែលកំពុងសាងសង់ និងសម្រេចបានជាង ៨០ភាគរយ។

នៅខេត្តតាកែវ មានផ្លូវចំនួន ៦ខ្សែត្រូវបានពិនិត្យ៖

• ផ្លូវ មឿងចារ្យ–អង្គរកា ជាផ្លូវក្រាលកៅស៊ូ ប្រវែង ១៣,៥៩គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់ក្នុងឆ្នាំ២០២៤ ក្រោមគម្រោង RRIP-III។

• ផ្លូវ NR2–វត្តភ្ងាស ជាផ្លូវ DBST និងបេតុង ប្រវែង ៩,៣០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលកំពុងសាងសង់ និងសម្រេចបានជាង ៩០ភាគរយ។

• ផ្លូវ ភូមិពោន–វត្តក្រពុំឈូក ជាផ្លូវ DBST និងបេតុង ប្រវែង ៦,៧៨គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ដែលកំពុងបន្តសាងសង់។

• ផ្លូវ ដើមដូង–Road No.111 ជាផ្លូវ DBST និងបេតុង ប្រវែង ១៥,៧៥គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ សម្រេចបានជិតបញ្ចប់។

• ផ្លូវ ព្រៃសណ្ដែក–ត្នោតជុំ ជាផ្លូវ DBST និងបេតុង ប្រវែង ៨,៣៧គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ បានបញ្ចប់ស្ថាពរហើយ។

• ផ្លូវ NR2–ព្រៃផ្អាវ ជាផ្លូវ DBST និងបេតុង ប្រវែង ៣គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ បានបញ្ចប់ការសាងសង់រួចរាល់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)