អន្តរជាតិ៖ ប្រទេសកាណាដា និងចិន បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់មួយ ដោយយល់ព្រមកាត់បន្ថយពន្ធលើយានយន្តអគ្គិសនី (EV) របស់ចិន និងផលិតផលកសិកម្មមួយចំនួនរបស់កាណាដា ដើម្បីបញ្ច្រាសវិធានការសងសឹកដែលភាគីទាំងពីរបានដាក់អនុវត្តកាលពីឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។
តាមកិច្ចព្រមព្រៀងថ្មីនេះ កាណាដានឹងអនុញ្ញាតឱ្យនាំចូលរថយន្តអគ្គិសនីពីចិនរហូតដល់ ៤៩.០០០គ្រឿងក្នុងមួយឆ្នាំ ដោយគិតអត្រាពន្ធ ៦,១% ដែលជាអត្រាប្រទេសទទួលបានការអនុគ្រោះបំផុត (MFN)។ វាជំនួសពន្ធ ១០០% ដែលរដ្ឋាភិបាលកាណាដាធ្លាប់ដាក់អនុវត្តក្រោមអតីតនាយករដ្ឋមន្ត្រី Justin Trudeau បន្ទាប់ពីវិធានការស្រដៀងគ្នារបស់សហរដ្ឋអាមេរិក។ ក្នុងឆ្នាំ២០២៣ ចិនបាននាំចេញរថយន្ត EV ចំនួន ៤១.៦៧៨គ្រឿងទៅកាន់ទីផ្សារកាណាដា។
ជាថ្នូរនឹងការបន្ធូរបន្ថយពន្ធលើ EV ចិន ទីក្រុងប៉េកាំងបានយល់ព្រមកាត់បន្ថយពន្ធលើផលិតផលកសិ-ចំណីអាហាររបស់កាណាដាមួយចំនួន រួមមានប្រេង និងគ្រាប់ពូជកាណូឡា។ មុននេះ ចិនបានដាក់ពន្ធលើផលិតផលកសិកម្ម និងអាហាររបស់កាណាដាមានតម្លៃសរុបជាង ២,៦ពាន់លានដុល្លារ និងបានពង្រីកវិធានការបន្ថែមក្នុងខែសីហា ដើម្បីសងសឹកចំពោះការយកពន្ធលើរថយន្ត EV របស់ខ្លួន។
វិធានការសងសឹកទាំងនេះត្រូវបានភ្ជាប់ទៅនឹងការធ្លាក់ចុះប្រមាណ ១០,៤% នៃការនាំចូលទំនិញកាណាដារបស់ចិននៅឆ្នាំ២០២៥។ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានថ្លែងថា ការកំណត់កូតារថយន្ត EV និងការកែតម្រូវពន្ធគយ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងទូលំទូលាយ ដើម្បីបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម និងស្ដារទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។
ក្នុងពេលជាមួយគ្នា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Lotus Technology បានស្វាគមន៍ចំពោះគោលនយោបាយពន្ធថ្មីនេះ ដោយចាត់ទុកថា វានឹងជួយគាំទ្រដល់ផែនការពង្រីកអាជីវកម្មរបស់ខ្លួននៅទីផ្សារកាណាដា។ ទោះជាយ៉ាងណា មន្ត្រីសហរដ្ឋអាមេរិកបានព្រមានថា រថយន្តចិនដែលនាំចូលកាណាដាក្រោមការរៀបចំថ្មី អាចនឹងត្រូវរារាំងមិនឱ្យចូលទីផ្សារសហរដ្ឋអាមេរិក។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ MD-Angkor