Register Already an agent ? Login

កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ ពង្រឹងកិច្ចសហការឌីជីថលក្នុងតំបន់

អន្តរជាតិ៖ នៅថ្ងៃទី១៥–១៦ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (6th ASEAN Digital Ministers’ Meeting – ADGMIN) ដែលរៀបចំនៅវៀតណាម ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងវិស័យឌីជីថលនៃប្រទេសសមាជិកអាស៊ាន ព្រមទាំងដៃគូអន្តរជាតិ រួមមាន កូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។

កិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការឌីជីថល ដែលបានអនុវត្តក្នុងឆ្នាំ២០២៥ និងការកំណត់ទិសដៅសម្រាប់ឆ្នាំ២០២៦។ ចំណុចសំខាន់មួយគឺ ការអនុម័ត និងដាក់ឱ្យប្រើជាផ្លូវការផែនការមេឌីជីថលអាស៊ាន ២០៣០ (ASEAN Digital Masterplan 2030) ដែលត្រូវបានរំពឹងថា នឹងធ្វើជាគោលនយោបាយសំខាន់ សម្រាប់ការអភិវឌ្ឍវិស័យឌីជីថល និងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ក្នុងក្របខណ្ឌនៃកិច្ចប្រជុំនេះ កម្ពុជា បានធ្វើជំនួបទ្វេភាគីជាមួយបណ្ដាប្រទេសដៃគូ ដូចជា ម៉ាឡេស៊ី ជប៉ុន វៀតណាម ទីម័រឡេស្តេ និងឡាវ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍសមត្ថភាពឌីជីថល។ ក្រៅពីនេះ ក៏មានការជួបពិភាក្សាជាមួយវិស័យឯកជន និងការធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន Viettel ផងដែរ។

ជាមួយគ្នានេះ កម្ពុជា និងដៃគូអន្តរជាតិបានឯកភាពបន្តពង្រឹងកិច្ចសហការលើវិស័យសំខាន់ៗ រួមមាន បញ្ញាសិប្បនិម្មិត (AI) បណ្តាញ5G បច្ចេកវិទ្យាBlockchain បច្ចេកវិទ្យាCloud និងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ដែលត្រូវបានចាត់ទុកថា ជាគន្លឹះសម្រាប់ការប្រកួតប្រជែងសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។

កម្ពុជា ក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីថ្នាលគាំពារសង្គមឌីជីថលរបស់កម្ពុជាបានទទួលមេដាយមាស ពានរង្វាន់ឌីជីថលអាស៊ាន ផ្នែកសេវាសាធារណៈ ដែលត្រូវបានចាត់ទុកថា ជាសមិទ្ធផលសំខាន់មួយក្នុងការជំរុញបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា កិច្ចប្រជុំ ADGMIN ត្រូវបានចាត់ទុកថា ជាវេទិកាឌីជីថលកម្រិតខ្ពស់បំផុតប្រចាំឆ្នាំរបស់អាស៊ាន ដែលមានតួនាទីសំខាន់ក្នុងការសម្របសម្រួលគោលនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការឌីជីថល រវាងប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)