អន្តរជាតិ៖ សេដ្ឋកិច្ចរបស់ប្រទេសចិន បានកត់ត្រាកំណើនប្រហែល ៥% ក្នុងឆ្នាំ ២០២៥ ស្របតាមគោលដៅផ្លូវការរបស់រដ្ឋាភិបាល បើទោះបីជាប្រឈមនឹងបញ្ហាច្រើន រួមទាំងការដំឡើងពន្ធនាំចូលពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ។ កំណើននេះត្រូវបានជំរុញជាចម្បងដោយ ការនាំចេញដ៏រឹងមាំ ដែលបានជួយបំពេញចន្លោះខ្សោយពីការចំណាយក្នុងស្រុក និងការវិនិយោគឯកជន។
យ៉ាងណាមិញ ទិន្នន័យផ្លូវការបានបង្ហាញថា កំណើនសេដ្ឋកិច្ចបានថយចុះមកត្រឹម ៤,៥% នៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២៥ ដែលជាកំណើនប្រចាំត្រីមាសយឺតបំផុត ចាប់តាំងពីចុងឆ្នាំ ២០២២ ក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាតកូវីដ-១៩។ នៅត្រីមាសមុន សេដ្ឋកិច្ចចិនធ្លាប់កើនឡើងក្នុងអត្រា ៤,៨%។
ក្នុងនាមជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនកំពុងប្រឈមនឹងបញ្ហាសម្ពាធក្នុងស្រុក ដោយសារការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងផលប៉ះពាល់បន្តបន្ទាប់ពីជំងឺរាតត្បាត។ ដោយហេតុនេះ ថ្នាក់ដឹកនាំចិនបានព្យាយាមអនុវត្តគោលនយោបាយជំរុញសេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីរក្សាស្ថិរភាព និងជំរុញកំណើនរយៈពេលវែង។
ការនាំចេញដ៏រឹងមាំបានក្លាយជាសសរស្តម្ភសំខាន់មួយសម្រាប់សេដ្ឋកិច្ចចិន ក្នុងឆ្នាំកន្លងទៅ ដោយជួយទូទាត់សងការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគអាជីវកម្មដែលនៅមានភាពខ្សោយ។ ស្ថានភាពនេះបានរួមចំណែកឲ្យប្រទេសចិនកត់ត្រា អតិរេកពាណិជ្ជកម្មកម្រិតកំណត់ត្រា ប្រហែល ១,២ពាន់ពាន់លានដុល្លារ។
លោក Lynn Song ប្រធានសេដ្ឋវិទូតំបន់ Greater China នៅធនាគារ ING បានលើកឡើងថា សំណួរសំខាន់បំផុតនាពេលខាងមុខ គឺថាតើការនាំចេញអាចបន្តធ្វើជាម៉ាស៊ីនចលករសេដ្ឋកិច្ចសំខាន់សម្រាប់ចិន បានយូរប៉ុណ្ណា នៅពេលដែលបរិយាកាសពាណិជ្ជកម្មពិភពលោកកាន់តែតឹងរ៉ឹង។
ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបានថយចុះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានវិលត្រឡប់មកកាន់តំណែង និងចាប់ផ្តើមដំឡើងពន្ធលើទំនិញចិនឡើងវិញ។ ទោះជាយ៉ាងណា ការធ្លាក់ចុះនេះត្រូវបានបំពេញដោយការកើនឡើងនៃការនាំចេញទៅកាន់ទីផ្សារផ្សេងៗនៅជុំវិញពិភពលោក។ ប៉ុន្តែការកើនឡើងនៃទំនិញចិននៅលើទីផ្សារអន្តរជាតិ ក៏បានជំរុញឲ្យប្រទេសមួយចំនួន ដូចជា ម៉ិកស៊ិក និងសហភាពអឺរ៉ុប ពិចារណា ឬអនុវត្តវិធានការការពារឧស្សាហកម្មក្នុងស្រុក រួមទាំងការដំឡើងពន្ធនាំចូលផងដែរ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំចិនបានលើកឡើងជាបន្តបន្ទាប់អំពីការជំរុញ តម្រូវការក្នុងស្រុក ជាគោលដៅសំខាន់នៃគោលនយោបាយសេដ្ឋកិច្ច ប៉ុន្តែផលប៉ះពាល់នៅមានកម្រិត។ ឧទាហរណ៍ កម្មវិធីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្ដូររថយន្តចាស់ទៅម៉ូដែលសន្សំសំចៃថាមពល បានបាត់បង់ប្រសិទ្ធភាពក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
លោក Chi Loអ្នកយុទ្ធសាស្ត្រទីផ្សារជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃ BNP Paribas Asset Management បានពន្យល់ថា ស្ថិរភាពក្នុងទីផ្សារអចលនទ្រព្យ ទោះមិនទាន់ជាការងើបឡើងវិញពេញលេញក៏ដោយ គឺជាគន្លឹះសំខាន់ក្នុងការស្តារទំនុកចិត្តសាធារណៈ និងជំរុញការចំណាយគ្រួសារ ព្រមទាំងវិនិយោគឯកជន។
សម្រាប់អនាគត ធនាគារ Deutsche Bank ព្យាករថា សេដ្ឋកិច្ចចិនអាចកើនឡើងប្រហែល ៤,៥% នៅឆ្នាំ២០២៦ ខណៈអ្នកវិភាគជាច្រើនយល់ថា ចិនត្រូវរក្សាកំណើនប្រចាំឆ្នាំក្នុងចន្លោះ ៤–៥% ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍រយៈពេលវែងរហូតដល់ឆ្នាំ ២០៣៥។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ MD-Angkor