Register Already an agent ? Login

ពន្ធប៉ាតង់ឆ្នាំ២០២៦៖ អ្វីដែលអាជីវកម្មនៅកម្ពុជាត្រូវដឹងអំពីសកម្មភាព និងទីតាំងជាប់ពន្ធ

ភ្នំពេញ៖ ពន្ធប៉ាតង់ គឺជាពន្ធប្រចាំឆ្នាំ ដែលអាជ្ញាធរសារពើពន្ធកំណត់លើ សកម្មភាពអាជីវកម្មនីមួយៗ របស់អ្នកជាប់ពន្ធ ដោយផ្អែកលើ ប្រភេទអ្នកជាប់ពន្ធ និងកម្រិតផលរបរ។ សម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ការបង់ពន្ធប៉ាតង់ប្រចាំឆ្នាំ២០២៦ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ជាកាលកំណត់។

ការអនុវត្តពន្ធប៉ាតង់ ត្រូវបានគាំទ្រដោយ មាត្រា១១៣ នៃច្បាប់ស្តីពីសារពើពន្ធ ដែលបានកំណត់យ៉ាងច្បាស់ពីរបៀបចាត់ថ្នាក់សកម្មភាព និងទីកន្លែងប្រកបអាជីវកម្មជាប់ពន្ធ ដើម្បីធានាឱ្យការបង់ពន្ធអនុវត្តបានត្រឹមត្រូវ និងមានតម្លាភាព។

តាមបទប្បញ្ញត្តិនេះ អ្នកជាប់ពន្ធដែលប្រកបអាជីវកម្មច្រើនប្រភេទ ត្រូវបង់ពន្ធប៉ាតង់ ដាច់ដោយឡែកទៅតាមសកម្មភាពនីមួយៗ ខណៈសកម្មភាពជាឧបសម្ព័ន្ធនានា នៃអាជីវកម្មសំខាន់ ត្រូវបានចាត់ទុកថាជា សកម្មភាពតែមួយ។

ច្បាប់ក៏បានបញ្ជាក់ថា អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ ឬរោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយ និងស្ថិតនៅក្នុងរាជធានី ឬខេត្តតែមួយ ត្រូវបង់ពន្ធប៉ាតង់ តែមួយប៉ុណ្ណោះ។ ទោះជាយ៉ាងណា ប្រសិនបើសកម្មភាពអាជីវកម្មត្រូវបានអនុវត្តនៅក្នុងរាជធានី ឬខេត្តផ្សេងគ្នា អ្នកជាប់ពន្ធត្រូវបង់ពន្ធប៉ាតង់ទៅតាម ទីតាំងអាជីវកម្មនោះ។

ក្នុងករណីដែលអាជីវកម្មមាន សាខា ឃ្លាំង រោងចក្រ ឬរោងជាងសម្រាប់មុខរបរអាជីវកម្មតែមួយ ប៉ុន្តែស្ថិតនៅតាម រាជធានី ឬខេត្តផ្សេងគ្នា ច្បាប់កំណត់ឲ្យបង់ពន្ធប៉ាតង់ អប្បបរមា សម្រាប់ប្រភេទអ្នកជាប់ពន្ធនីមួយៗ ទៅតាមទីតាំងដែលអាជីវកម្មនោះស្ថិតនៅ។

ជាមួយគ្នានេះផងដែរ បទប្បញ្ញត្តិបានកំណត់ថា ករណីមាន ការផ្លាស់ប្តូរទីកន្លែងអាជីវកម្មទៅរាជធានី ឬខេត្តផ្សេង ឬមាន ការផ្លាស់ប្តូរសកម្មភាពអាជីវកម្មថ្មី អ្នកជាប់ពន្ធត្រូវបង់ប្រាក់ពន្ធប៉ាតង់ ថ្មីម្តងទៀត។

ការកំណត់ទាំងនេះ មានគោលបំណងធានាឱ្យការបង់ពន្ធប៉ាតង់អនុវត្តបានត្រឹមត្រូវ ស្មើភាព និងមានតម្លាភាព សម្រាប់អ្នកជាប់ពន្ធគ្រប់ប្រភេទ ខណៈដែលជួយពង្រឹងការគ្រប់គ្រងចំណូលរដ្ឋ និងស្ថិរភាពហិរញ្ញវត្ថុជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)