កំពង់ធំ៖ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ខេត្ត នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានរៀបចំ កិច្ចប្រជុំចែករំលែកលទ្ធផលវឌ្ឍនភាពការងារ ស្តីពីការអនុវត្តកម្មវិធីវិស័យផ្គត់ផ្គង់សេវាទឹកស្អាត និងអនាម័យជនបទឆ្នាំ ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាបញ្ហាប្រឈមនៅក្នុងសហគមន៍ជនបទ និងវិភាគផែនការស្វែងរកដំណោះស្រាយ ដើម្បីសម្រេចការបញ្ចប់ការបន្ទោបង់ពាសវាលកម្រិតខ្ពស់ (ODF+) នៅឆ្នាំ២០២៣ និង២០២៦ ដល់ ២០២៣០។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត និងអនុប្រធានក្រុមការងារ PWG ដែលបានអញ្ជើញជាគណៈធិបតី។ ក៏ដូចជាមានការចូលរួមពីមន្ទីរ/អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង/ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់។
ឯកឧត្តម ព្រឹម រដ្ឋា បានរំលឹកថា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទមានសារៈសំខាន់ខ្ពស់ ហើយបានស្នើឱ្យអង្គការពាក់ព័ន្ធ៖
"ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យមានសារៈសំខាន់ខ្ពស់ ដែលមិនអាចមើលរំលងបាន។ ត្រូវតែរកវិធីសាស្ត្រគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យស្ថានភាពអនាម័យជនបទកាន់តែប្រសើរឡើង និងសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាល។"
ក្នុងកិច្ចប្រជុំនេះ អង្គការពាក់ព័ន្ធទាំងអស់ត្រូវបានស្នើឱ្យ៖
- សម្របសម្រួល និងសហការគ្នា អនុវត្តសកម្មភាពទឹកស្អាត និងអនាម័យជនបទឲ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់។
- អាជ្ញាធរក្រុង/ស្រុក រៀបចំផែនការសកម្មភាពសម្រាប់អនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងផែនការវិនិយោគរបស់ខ្លួនឲ្យបានទៀងទាត់។
- កិច្ចប្រជុំប្រចាំខែ នៅថ្នាក់ក្រុង/ស្រុក ត្រូវបញ្ចូលកម្មវិធីទឹកស្អាត និងអនាម័យជនបទក្នុងរៀងរាល់ប្រជុំ។
- អប់រំ និងផ្សព្វផ្សាយ ការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅថ្នាក់ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ព្រមទាំងជម្រុញមន្ត្រីរាជការសាលាក្រុង/ស្រុកធ្វើជាគំរូល្អក្នុងការអនាម័យល្អ និងការប្រើប្រាស់បង្គន់អនាម័យផ្ទាល់ខ្លួន។
កិច្ចប្រជុំនេះមាន គោលបំណងបង្ហាញវឌ្ឍនភាពការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ២០២៥, ពិភាក្សាបញ្ហាប្រឈម និងកិច្ចសហការជាមួយមន្ទីរ/អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចការកែលម្អនិងអភិវឌ្ឍន៍ស្ថានភាពអនាម័យនៅសហគមន៍ជនបទដោយសមធម៌ និងមានប្រសិទ្ធភាព៕
ដោយ៖ មឿន ឌីណា (Moeun Dyna)