ភ្នំពេញ៖ កម្ពុជា បន្តផ្តល់ដំណឹងល្អសម្រាប់វិស័យវាយនភណ្ឌកាត់ដេរ! ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចអនុគ្រោះឱ្យសហគ្រាសឧស្សាហកម្មវាយនភណ្ឌ ព្យួរការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ រហូតដល់ដំណាច់ឆ្នាំ២០២៨ ដើម្បីជួយឱ្យអាជីវកម្មនៅវិស័យនេះបន្តឈរជើងបានយូរ បង្កើនការនាំចេញ និងរក្សាការងារដល់កម្មករ កម្មការិនីរាប់សែននាក់។
ការសម្រេចនេះ យោងតាម ប្រកាសលេខ ១១២៣ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការបន្តពីគោលនយោបាយអនុគ្រោះចាប់តាំងពីឆ្នាំ២០២៤ មក ដើម្បីគាំទ្រវិស័យដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា។
សហគ្រាសដែលទទួលបានអនុគ្រោះនេះ គឺសហគ្រាសវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ដែលបានផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល។ វិស័យដែលស្ថិតក្នុងវិសាលភាព រួមមាន ការផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបយួរ កាបូបដៃ មួក ស្លាកយីហោសម្រាប់សម្លៀកបំពាក់ ស្រោមដៃ ស្រោមជើង កន្សែង ស្រោមភួយ ស្រោមខ្នើយ កម្រាលពូក និងកម្រាលតុ ដែលភាគច្រើនផលិតសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។
ដើម្បីទទួលបានការអនុគ្រោះ សហគ្រាសត្រូវគោរពលក្ខខណ្ឌសំខាន់ៗ ដូចជា កាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ ដាក់សារពើពន្ធតាមកាលកំណត់ បង់ពន្ធអាករផ្សេងៗឱ្យគ្រប់ និងផ្តល់របាយការណ៍សវនកម្មឯករាជ្យប្រចាំឆ្នាំជូនអាជ្ញាធរពន្ធដារ។ បើមិនគោរពតាមលក្ខខណ្ឌទាំងនេះទេ សហគ្រាសអាចត្រូវដកហូតអនុគ្រោះ និងប្រឈមទណ្ឌកម្មតាមច្បាប់។
គួររំលឹកថា វិស័យវាយនភណ្ឌកាត់ដេរ កម្ពុជា បានទទួលការអនុគ្រោះពន្ធជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០២៤ តាមប្រកាសលេខ ១២០ ហើយប្រកាសថ្មីនេះ គឺជាការបន្ថែមអនុគ្រោះរយៈពេល ៣ ឆ្នាំទៀត ដោយមានលក្ខខណ្ឌអនុវត្តដូចគ្នា។
វិធានការនេះ ត្រូវបានមើលឃើញថា ជាសារសំខាន់មួយទៅកាន់វិនិយោគិន និងទីផ្សារពិភពលោក ថា កម្ពុជា នៅតែប្តេជ្ញាគាំទ្រវិស័យឧស្សាហកម្ម និងការនាំចេញ នៅក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលកំពុងប្រែប្រួល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)