ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មតាមរយៈការពង្រឹងសហករណ៍ និងសហគមន៍កសិកម្មទំនើប ដោយបានអំពាវនាវឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាផ្តល់ការគាំទ្របន្ថែម ដើម្បីលើកកម្ពស់សមត្ថភាពផលិតកម្ម ភ្ជាប់ទីផ្សារ និងកែលម្អជីវភាពរស់នៅរបស់ប្រជាកសិករ។
ការអំពាវនាវនេះត្រូវបានលើកឡើងក្នុងឱកាសកិច្ចពិភាក្សាការងាររវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ដែលបានធ្វើឡើងនៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ ភាគីក្រសួងកសិកម្មបានសម្តែងការស្វាគមន៍ចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ADB និងបានពិភាក្សាលម្អិតអំពីគម្រោងកំពុងអនុវត្ត ព្រមទាំងគម្រោង និងកម្មវិធីថ្មីៗដែលកំពុងស្ថិតក្នុងដំណាក់កាលពិចារណា។ ភាគីក្រសួងបានលើកឡើងថា ការគាំទ្រដល់សហគមន៍កសិកម្ម និងសហករណ៍កសិកម្មទំនើប គឺជាចំណុចសំខាន់ក្នុងការធ្វើឱ្យវិស័យកសិកម្មមានភាពរឹងមាំ និងប្រកួតប្រជែងបានល្អជាងមុន។
លោក ប្រាក់ ដាវីដ បានបញ្ជាក់ថា ការគាំទ្រនេះគួរតែផ្តោតលើការជួយសហករណ៍ឱ្យអាចរៀបចំផែនការផលិតកម្មដែលភ្ជាប់ជាមួយតម្រូវការទីផ្សារជាមុន បង្កើនសមត្ថភាពកែច្នៃផលិតផល ដើម្បីបង្កើតតម្លៃបន្ថែមខ្ពស់ ភ្ជាប់ខ្សែច្រវាក់តម្លៃ និងពង្រីកឱកាសនាំចេញទៅទីផ្សារក្រៅប្រទេស។ លោកក៏បានលើកឡើងថា គំរូវិនិយោគតាមរយៈសហករណ៍កសិកម្មទំនើប មានសក្តានុពលខ្លាំងសម្រាប់ផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ។
កិច្ចពិភាក្សានេះបានបញ្ចប់ដោយលទ្ធផលវិជ្ជមាន ដោយភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តសហការគ្នា អនុវត្តគម្រោងរួម ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងមានចីរភាព។
ជាមួយគ្នានេះដែរ នៅក្នុងព្រឹត្តិការណ៍ផ្សេងមួយ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សហករណ៍កសិកម្មទំនើបមានអត្ថប្រយោជន៍សំខាន់មួយ គឺសមត្ថភាពក្នុងការធានាការតភ្ជាប់ទីផ្សារកម្រិតខ្ពស់ និងមានស្ថិរភាពសម្រាប់ផលិតផលកសិករ។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសពិធីចុះហត្ថលេខាលើកិច្ចសន្យាកសិកម្មរវាងសហគមន៍កសិកម្មម្រេចទំនើបដំណាក់ត្រយឹង ខេត្តពោធិ៍សាត់ និងសហគមន៍គីរីទេស សម្រាប់ការផលិត និងផ្គត់ផ្គង់ម្ទេស បន្លែស្លឹក និងមាន់ ដែលមានតម្លៃសរុបជាង ៣លានដុល្លារ។
សហគមន៍កសិកម្មម្រេចទំនើបដំណាក់ត្រយឹង បច្ចុប្បន្នមានសមាជិកចំនួន ១៦៥គ្រួសារ កំពុងផលិតម្ទេសលើផ្ទៃដី ១២០ហិកតា ដាំបន្លែស្លឹកក្នុងផ្ទះសំណាញ់ជាង ១០០ខ្នង និងចិញ្ចឹមមាន់ប្រមាណ ១៤០ក្បាលនៅក្នុងកសិដ្ឋាន។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការតភ្ជាប់ទីផ្សារជាមុន ជួយឱ្យសមាជិកសហករណ៍មានទិសដៅផលិតកម្មច្បាស់លាស់ កាត់បន្ថយហានិភ័យទីផ្សារ និងធានាបាននូវប្រាក់ចំណូលមានស្ថិរភាព សម្រាប់កសិករ និងគ្រួសាររបស់ពួកគេ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)