ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. មកពីខេត្តហឺប៉ី សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីឱកាសវិនិយោគក្នុងវិស័យផលិតសម្ភារៈវេជ្ជសាស្ត្រ នៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានស្វាគមន៍គណៈប្រតិភូ និងបញ្ជាក់ពីការប្តេជ្ញារបស់កម្ពុជាក្នុងការបង្កើតបរិយាកាសវិនិយោគមានភាពប្រកួតប្រជែង និងមានស្ថិរភាព សម្រាប់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន។
លោក Dai Shuming អគ្គនាយករងក្រុមហ៊ុន Hongray Group បានបង្ហាញថា ក្រុមហ៊ុនមានបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុងការផលិតស្រោមដៃពេទ្យ និងនាំចេញទៅទីផ្សារអាមេរិក និងសហភាពអឺរ៉ុប។ លោកបានបញ្ជាក់ថា នេះជាលើកទី២ ដែលក្រុមហ៊ុនមកសិក្សាបរិស្ថានវិនិយោគនៅកម្ពុជា ដោយមានគម្រោងស្វែងរកទីតាំងបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ ដែលមានខ្សែច្រវាក់ផលិតកម្មចំនួន ១០ខ្សែ។
ឆ្លើយតបនឹងគម្រោងនេះ អគ្គលេខាធិការ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនពិចារណាជម្រើសដូចជា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង ការជ្រើសរើសទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានហេដ្ឋារចនាសម្ព័ន្ធរួចស្រាប់ ឬការជ្រើសរើសទីតាំងដែលមានហានិភ័យប៉ះពាល់បរិស្ថានទាប។
ជាមួយគ្នានេះ អគ្គលេខាធិការ ក៏បានលើកឡើងពីសារៈសំខាន់នៃការគ្រប់គ្រងបរិស្ថាន និងការគិតគូរអំពីប្រភពវត្ថុធាតុដើម និងថាមពល សម្រាប់ដំណើរការផលិតកម្មប្រកបដោយចីរភាព។
ជំនួបនេះត្រូវបានមើលឃើញថា ជាជំហានវិជ្ជមានមួយទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា–ចិន និងការបង្កើនវិនិយោគក្នុងវិស័យឧស្សាហកម្មវេជ្ជសាស្ត្រ ដែលមានតម្លៃបន្ថែមខ្ពស់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)