ភ្នំពេញ៖ កម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយ ក្រុមជំនាញការនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីពិភាក្សា និងសម្តែងការគួរសមលើ គម្រោងអភិវឌ្ឍន៍ផែនការមេ ដែលមានគោលបំណង បម្លែងកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។
កិច្ចប្រជុំបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងកិច្ចប្រជុំនេះ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ បានអនុញ្ញាតឱ្យក្រុមជំនាញជប៉ុន និងអ្នកតំណាង JICA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយមន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើន។
កិច្ចប្រជុំនេះផ្តោតលើ៖
* ពិនិត្យ និងពិភាក្សារៀបចំ របាយការណ៍បឋម និង Workplan សម្រាប់អនុវត្តគម្រោង
* កំណត់សមាសភាពស្ថាប័នពាក់ព័ន្ធ និងបង្កើត Working Group
* រៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល (1st JCC) និងសិក្ខាសាលាពិគ្រោះយោបល់ក្នុងខែកុម្ភៈខាងមុខ។
លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះក្រុមជំនាញជប៉ុន សម្រាប់ការបង្ហាញផែនការការងារ និងការចុះជួបប្រជុំផ្ទាល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែម និងណែនាំក្រុមជំនាញពិនិត្យលម្អិតលើ វិសាលភាពផែនការមេ, ការបង្កើត Working Group, របៀបវារៈកិច្ចប្រជុំ JCC និងកាលបរិច្ឆេទសិក្ខាសាលាពិគ្រោះយោបល់។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះបង្ហាញពី សហការអន្តរជាតិនិងការផ្គាប់ផ្គង់បច្ចេកទេស រវាងកម្ពុជា និងជប៉ុន ដើម្បីធានាថា ការសិក្សាផែនការលម្អិតនៃគម្រោងនេះ មានភាពច្បាស់លាស់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស, ជាជំហានសំខាន់ក្នុងការបម្លែងកំពង់ផែព្រះសីហនុ ទៅជាមជ្ឈមណ្ឌលឡូជីស្ទីក និងកំពង់ផែថ្នាក់តំបន់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)