ភ្នំពេញ៖ កម្ពុជាបន្តបង្ហាញភាពសកម្មក្នុងការទាក់ទាញវិនិយោគឯកជន តាមរយៈការរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១ ក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង ដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។
កិច្ចប្រជុំខាងលើត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត។
គម្រោងវិនិយោគទាំង ៩ មានទុនវិនិយោគសរុបប្រមាណ ៦៧លានដុល្លារ និងត្រូវបានរំពឹងថា អាចបង្កើតការងារបានប្រមាណ ៣,០០០កន្លែង ជួយលើកកម្ពស់ការងារ និងសកម្មភាពសេដ្ឋកិច្ចនៅតំបន់មូលដ្ឋាន។ វិស័យវិនិយោគភាគច្រើនផ្តោតលើឧស្សាហកម្មផលិតកម្ម រួមមាន ការផលិតខារអំបោះ និងជ្រលក់ពណ៌ ការផលិតម្សៅកាល់ស្យូម និងសម្ភារៈសំណង់ ការកែច្នៃផលិតផលត្រី ការផលិតវ៉ែនតា និងសម្ភារៈពាក់ព័ន្ធ គ្រឿងតុបតែងសក់ អំពូលភ្លើង និងបរិក្ខារអគ្គិសនី ការផលិតសំបក និងគម្របកំប៉ុង រហូតដល់ផលិតផលតុបតែងដើមណូអែល និងអំពូលភ្លើងលម្អគ្រប់ប្រភេទ។
គម្រោងទាំងនេះត្រូវបានបោះទីតាំងនៅតាមរាជធានី និងខេត្តសំខាន់ៗ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប និងបាត់ដំបង ដែលបង្ហាញពីការចែកចាយវិនិយោគយ៉ាងសមស្រប និងការលើកកម្ពស់ការអភិវឌ្ឍតាមតំបន់។
ការរៀបចំកិច្ចប្រជុំច្រកចេញ-ចូលតែមួយនេះ ត្រូវបានមើលឃើញថា ជាជំហានសំខាន់មួយក្នុងការកែលម្អប្រសិទ្ធភាពនៃការអនុម័តគម្រោងវិនិយោគ បង្កើនភាពងាយស្រួលដល់វិនិយោគិន និងបន្តពង្រឹងភាពទាក់ទាញរបស់កម្ពុជា ក្នុងបរិបទប្រកួតប្រជែងវិនិយោគនៅតំបន់ និងអន្តរជាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)