តាកែវ/កំពង់ស្ពឺ៖ គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្ម នៅក្នុងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ កំពុងដំណើរការទៅមុខតាមផែនការ ដោយសម្រេចបានវឌ្ឍនភាពខុសគ្នាតាមទីតាំងនីមួយៗ។
នៅខេត្តតាកែវ គម្រោងធារាសាស្រ្តសម្រាប់សហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ ស្ថិតក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ កំពុងសាងសង់ដោយក្រុមហ៊ុន Peng Sour Construction Co., Ltd។ វឌ្ឍនភាពការងារជារួម សម្រេចបានជាង ៤០% ដោយការងារសំណង់សំខាន់ៗ កំពុងអនុវត្តបន្តទៅមុខស្របតាមកាលវិភាគដែលបានកំណត់។
ចំណែកឯនៅខេត្តកំពង់ស្ពឺ គម្រោងធារាសាស្រ្តសម្រាប់សហគមន៍កសិកម្មរីកចម្រើនទួលអំពិល ស្ថិតក្នុងឃុំទួលអំពិល ស្រុកបសេដ្ឋ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Taing Cheng Oing Construction and Import Co., Ltd។ បច្ចុប្បន្ន វឌ្ឍនភាពការងារជារួម សម្រេចបានជាង ៧០% ហើយកំពុងឈានទៅកាន់ដំណាក់កាលបញ្ចប់ការងារសំណង់ជាបន្តបន្ទាប់។
គម្រោងទាំងពីរនេះ ទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងផ្តោតលើការកែលម្អប្រព័ន្ធធារាសាស្រ្ត ដើម្បីគាំទ្រការផលិតកសិកម្ម ការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍសហគមន៍កសិកម្មក្នុងតំបន់។
គួរបញ្ជាក់ថា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក (WB) បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្ម នៅខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានសំណូមពរដល់មន្ទីរធនធានទឹក និងឧតុនិយម សហគមន៍កសិកម្ម និងអាជ្ញាធរមូលដ្ឋាន បន្តសហការយ៉ាងជិតស្និទ្ធ និងជួយសម្របសម្រួលក្នុងករណីចាំបាច់ ដើម្បីធានាឱ្យការអនុវត្តគម្រោងទាំងនេះ សម្រេចបានជោគជ័យ ស្របតាមផែនការកំណត់ និងបម្រើផលប្រយោជន៍ដល់ប្រជាកសិករ និងការអភិវឌ្ឍវិស័យកសិកម្មយ៉ាងចីរភាព៕
ដោយ៖ មឿន ឌីណា (Moeun Dyna)