កណ្ដាល៖ គម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ កំពុងដំណើរការទៅមុខយ៉ាងរលូន និងបង្ហាញលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។ តាមរបាយការណ៍ចុងក្រោយ គម្រោងនេះបានសម្រេចវឌ្ឍនភាពជារួមប្រមាណ ១៥,៥០% គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ ដោយមានការសហការយ៉ាងជិតស្និទ្ធរវាងក្រុមការងារគម្រោង ក្រុមការងារការដ្ឋាន និងអាជ្ញាធរខេត្តកណ្តាល។
គម្រោងនេះត្រូវបានអនុវត្តឡើង ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងលើកកម្ពស់គុណភាពបរិស្ថានទីក្រុង។ រួមមានការសាងសង់៖
* បណ្តាញលូទឹកកខ្វក់ប្រវែងសរុប ១២៥គីឡូម៉ែត្រ
* បណ្តាញលូទឹកភ្លៀងប្រវែងសរុប ៥,៣គីឡូម៉ែត្រ
* ស្ថានីយបូមទឹកកខ្វក់ធុនតូច និងធុនធំ ចំនួន ៧កន្លែង
* ការតំណភ្ជាប់បណ្តាញលូទៅតាមលំនៅឋានប្រមាណ ១០,០០០តំណ
ការងារទាំងនេះស្ថិតនៅក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី។ ជាមួយគ្នានេះផងដែរ គម្រោងក៏រួមមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានសមត្ថភាពចម្រោះ ១២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ សាងសង់លើផ្ទៃដីទំហំ ២០ហិកតា មានទីតាំងស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បន្ថែមលើវិសាលភាពការងារដើម គម្រោងនេះក៏បានទទួលគោលការណ៍អនុញ្ញាត សម្រាប់ការសិក្សាបច្ចេកទេស និងគំនូសប្លង់លម្អិត លើការងារកែលម្អស្ថានីយបូមទឹកភ្លៀងដែលមានស្រាប់ ការសាងសង់ស្ថានីយបូមថ្មី និងការតម្លើងបណ្តាញបង្ហូរទឹកភ្លៀងបន្ថែម។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ មានរយៈពេលអនុវត្ត ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៧ ខាងមុខ។ គម្រោងនេះត្រូវបានចាត់ទុកថា ជាគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងការកែលម្អគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)