Register Already an agent ? Login

ពន្ធ 25% របស់ Trump លើអ៊ីរ៉ង់ កើនភាពមិនច្បាស់លាស់ចំពោះចិន

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ នឹងត្រូវបង់ពន្ធ 25% លើទំនិញទាំងអស់ដែលនាំចូលទៅសហរដ្ឋអាមេរិក។ លោក Trump បានបន្ថែមថា ពន្ធនេះ “មានប្រសិទ្ធភាពភ្លាមៗ” បើទោះបីជាមិនបានបញ្ជាក់លម្អិតអំពីការអនុវត្តន៍នៃការទប់ស្កាត់នេះ។

ការគំរាមកំហែងនេះកើតឡើងបន្ទាប់ពីការចុះកិច្ចព្រមព្រៀងជាមួយចិនរបស់លោក Trump ដើម្បីផ្អាកពន្ធគយ និងផ្តល់សិទ្ធិចូលប្រើប្រាស់រ៉ែដ៏សំខាន់។ ប្រទេសចិនគ្រប់គ្រងលើការផលិតរ៉ែទាំងនេះ ដែលមានសារៈសំខាន់សម្រាប់ផលិតផលបច្ចេកវិទ្យា និងអាវុធយោធា។

យោងតាម Bloomberg Economics, អត្រាពន្ធចិនទៅសហរដ្ឋអាមេរិកបានធ្លាក់ចុះពី 40.8% ទៅ 30.8% បន្ទាប់ពីការផ្អាកសង្គ្រាមពាណិជ្ជកម្មក្នុងខែតុលា។ ពន្ធថ្មីនេះអាចបង្កភាពមិនច្បាស់លាស់ចំពោះកិច្ចព្រមព្រៀង និងផែនការទស្សនកិច្ចរបស់លោក Trump ទៅទីក្រុងប៉េកាំង។

អ្នកវិភាគសេដ្ឋកិច្ចបង្ហាញថា ទីផ្សារប្រេងនឹងមានប្រតិកម្ម ប្រសិនបើអាមេរិកស្ទាក់ចាប់ ឬកាត់បន្ថយការនាំចេញប្រេងអ៊ីរ៉ង់។ ខណៈដែលចិនបន្តទិញប្រេងអ៊ីរ៉ង់ជាយូរមក និងបានបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ក្រៅការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ដែលគាំទ្រទិញប្រេងជាង ១លានបារ៉ែលក្នុងមួយថ្ងៃ។

អ៊ីរ៉ង់ក៏ជាដៃគូយុទ្ធសាស្ត្រសំខាន់សម្រាប់ចិន ដោយប្រទេសចិនទទួលយកជិត 90% នៃការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់។ ការបន្តទិញនេះអាចជួយសន្សំប្រេងឆៅក្នុងឃ្លាំង និងធានាសេដ្ឋកិច្ចក្នុងស្រុកប្រទេសចិន។

ក្រសួងការបរទេស និងពាណិជ្ជកម្មចិន មិនបានឆ្លើយតបសំណើសុំអត្ថាធិប្បាយ តែស្ថានទូតចិននៅវ៉ាស៊ីនតោនបានរិះគន់ថា ជាការបង្ខិតបង្ខំ និងបង្ហាញថា ចិននឹង “ចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន”។

អ្នកវិភាគបានបញ្ជាក់ថា ទីផ្សារនឹងពិបាកឆ្លើយទៅលើការគំរាមកំហែងនេះ ប្រសិនបើ Trump ប្រកាសថាប្រទេសចិនមិនរងផលប៉ះពាល់ផ្ទាល់។ អន្តរជាតិទាំងអស់កំពុងតាមដានភាពបន្តបន្ទាប់នៃយុទ្ធនាការបង្ខិតបង្ខំលើអ៊ីរ៉ង់នេះ ដោយវាអាចប៉ះពាល់ដល់សន្តិសុខអាមេរិក និងទំនាក់ទំនងជាមួយចិន៕

ប្រភព៖ Bloomberg, South China Morning Post