ស្វាយរៀង៖ កម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការ ដំណាក់កាលទី១ នៃរោងចក្រផលិតសំបកកង់រថយន្ត Wanli Tire (Cambodia) នៅតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ខេត្តស្វាយរៀង ដែលជាគម្រោងវិនិយោគឧស្សាហកម្មធុនធ្ងន់ដ៏សំខាន់មួយ ក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុនទៅក្រៅប្រទេស។
តំណាង សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១ នៃរោងចក្រផលិតសំបកកង់រថយន្ត Wanli Tire (Cambodia) Co., Ltd. ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦។
ពិធីសម្ពោធនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រមទាំង លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ការវិនិយោគរបស់ Wanli Tire នៅកម្ពុជា ត្រូវបានចាត់ទុកថា ជាចំណុចបំបែកថ្មីមួយ ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មធុនធ្ងន់ និងឧស្សាហកម្មគ្រឿងបន្លាស់រថយន្តនៅកម្ពុជា ខណៈដែលនេះជាមូលដ្ឋានផលិតកម្មដំបូងបង្អស់របស់ក្រុមហ៊ុននៅក្រៅប្រទេស។ សមិទ្ធផលនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិលើស្ថិរភាពនយោបាយ សុខសន្តិភាព និងគោលនយោបាយលើកទឹកចិត្តវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរឱ្យកត់សម្គាល់ថា ត្រឹមតែប្រមាណមួយឆ្នាំ បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៥ រោងចក្រនេះបានសាងសង់រួចរាល់ និងចាប់ផ្តើមដំណើរការខ្សែចង្វាក់ផលិតកម្មដំណាក់កាលទី១ ដែលបង្ហាញពីប្រសិទ្ធភាពការងារ និងបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា រោងចក្រ Wanli Tire ដំណាក់កាលទី១ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋរាប់ពាន់នាក់ ការផ្ទេរបច្ចេកវិទ្យាផលិតកម្មទំនើប ការលើកកម្ពស់ខ្សែសង្វាក់តម្លៃវិស័យកៅស៊ូ និងការធ្វើពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្មជាតិ ពិសេសការពង្រីកវិស័យផលិតគ្រឿងបន្លាស់រថយន្ត និងឧស្សាហកម្មធុនធ្ងន់។
ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា កម្ពុជាមានការត្រៀមលក្ខណៈរួចរាល់ ក្នុងការទទួលស្វាគមន៍វិនិយោគបរទេស តាមរយៈស្ថិរភាពនយោបាយ សុខសន្តិភាព កម្លាំងពលកម្មវ័យក្មេង គោលនយោបាយលើកទឹកចិត្តវិនិយោគប្រកបដោយតម្លាភាព និងការបន្តកំណែទម្រង់តាមឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពបរិយាកាសធុរកិច្ច។
មុនបញ្ចប់ លោក បានសម្តែងនូវសុទិដ្ឋិនិយមថា វត្តមានរបស់ Wanli Tire នៅកម្ពុជា នឹងក្លាយជាគំរូជោគជ័យមួយ សម្រាប់ការវិនិយោគអន្តរជាតិ និងជាចំណុចចាប់ផ្តើមថ្មី ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា លើឆាកសេដ្ឋកិច្ចតំបន់ និងសកលលោក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)