Register Already an agent ? Login

មាសឡើងដល់កម្រិតកំពូលថ្មី បន្ទាប់ពីការព្រួយបារម្ភលើឯករាជ្យភាព Fed និងភាពចលាចលនៅអ៊ីរ៉ង់

អន្តរជាតិ៖ តម្លៃមាសនៅទីផ្សារពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្រោមឥទ្ធិពលកត្តាភូមិសាស្ត្រនយោបាយ និងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗ ជាពិសេសការព្រួយបារម្ភអំពីឯករាជ្យភាពរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក (Federal Reserve – Fed) និងភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអ៊ីរ៉ង់។

ការកើនឡើងនេះ កើតឡើងនៅពេលដែលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានគំរាមពិចារណាលើការចោទប្រកាន់ព្រហ្មទណ្ឌដែលអាចប៉ះពាល់ដល់ Fed ដែលធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានការព្រួយបារម្ភឡើងវិញអំពីសមត្ថភាពរបស់ធនាគារកណ្ដាលក្នុងការរក្សាឯករាជ្យភាពពីសម្ពាធនយោបាយ។

មាសដុំបានឡើងដល់ជិត 4,600ដុល្លារក្នុងមួយអោន នៅថ្ងៃចន្ទ ខណៈដែលប្រាក់ក៏បានកើនឡើងស្ទើរតែឈានដល់កំណត់ត្រាថ្មីផងដែរ។ ប្រធាន Fed លោក Jerome Powell បានបញ្ជាក់ថា ការគំរាមកំហែង និងសម្ពាធនយោបាយលើធនាគារកណ្ដាល គួរត្រូវបានមើលក្នុងបរិបទទូលំទូលាយជាងនេះ ដោយសារតែវាអាចប៉ះពាល់ដល់ការសម្រេចចិត្តអត្រាការប្រាក់ និងទំនុកចិត្តលើប្រាក់ដុល្លារ។

ជាមួយគ្នានេះ ការតវ៉ាដ៏សាហាវនៅក្នុងប្រទេសអ៊ីរ៉ង់បានបង្កើនភាពមិនប្រាកដប្រជានៅតំបន់មជ្ឈឹមបូព៌ា ដែលធ្វើឱ្យវិនិយោគិនបង្វែរទុនទៅរកមាស និងប្រាក់ ជាអចលនវត្ថុមានសុវត្ថិភាព (safe-haven assets)។ ប្រធានាធិបតីអាមេរិក Donald Trump ក៏បានបង្ហាញថា កំពុងពិចារណាជម្រើសនយោបាយ និងសម្ពាធបន្ថែមលើអ៊ីរ៉ង់ ដែលធ្វើឱ្យភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែច្បាស់លាស់។

អ្នកវិភាគទីផ្សារបានលើកឡើងថា ការកើនឡើងនៃមាសនៅពេលនេះ គឺជាការឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជាជាច្រើនក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ចាប់ពីអត្រាការប្រាក់ ទៅដល់ជម្លោះនយោបាយ និងទំនុកចិត្តលើស្ថាប័នហិរញ្ញវត្ថុ។ លោក Charu Chanana ប្រធានយុទ្ធសាស្ត្រវិនិយោគនៅ Saxo Markets បានបញ្ជាក់ថា ទីផ្សារកំពុងឆ្លងកាត់ដំណាក់កាលដែលហានិភ័យស្ថាប័ន និងភូមិសាស្ត្រនយោបាយក្លាយជាកត្តាជំរុញសំខាន់សម្រាប់តម្លៃមាស។

មាសបានបញ្ចប់ឆ្នាំមុនជាមួយនឹងការកើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយនិន្នាការនេះនៅតែបន្ត ដោយសារការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់បន្ថែមពី Fed និងភាពទន់ខ្សោយនៃប្រាក់ដុល្លារ។ ទន្ទឹមនឹងនេះ ប្រាក់បានកើនឡើងប្រហែល 4% ក្នុងមួយថ្ងៃ និងជាង 150% កាលពីឆ្នាំមុន ដោយតម្រូវការវិនិយោគ និងឧស្សាហកម្មនៅតែខ្ពស់។

គិតត្រឹមម៉ោង 10:03 ព្រឹក ម៉ោងសិង្ហបុរី មាសបានកើនឡើង 1.3% មកដល់ 4,567.87ដុល្លារ/អោន ខណៈសន្ទស្សន៍ Bloomberg Dollar Spot បានធ្លាក់ចុះ 0.2%។ ប្រាក់កើនឡើង 3.5% និងលោហៈផ្សេងៗដូចជា ផ្លាទីន និងប៉ាឡាដ្យូម ក៏កើនឡើងប្រហែល 3% ផងដែរ៕

ប្រភព៖ Yahoo Finance

ប្រែសម្រួលដោយ៖ MD-Angkor