ភ្នំពេញ, លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃសុក្រ ទី៩ ខែមករា ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោកស៊ុន ចាន់ថុល បានថ្លែងសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចំពោះការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ទោះបីជាស្ថិតក្នុងបរិបទសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកដែលមានភាពតានតឹងក៏ដោយ។
របាយការណ៍បូកសរុបបង្ហាញថា ក្នុងឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម សម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន រួមមាន ការធ្វើពិពិធកម្មទីផ្សារ ការពង្រឹងសមត្ថភាពផលិត និងនាំចេញក្នុងស្រុក ការកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍប្រព័ន្ធសេវាពាណិជ្ជកម្មឌីជីថល ការកសាងច្បាប់ និងលិខិតបទដ្ឋានស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការពង្រឹងការការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងទីផ្សារ។
លោកស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជាកំពុងផ្លាស់ប្តូរទិសដៅសេដ្ឋកិច្ច ពីការពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅកាន់មូលដ្ឋានផលិត និងនាំចេញចម្រុះ ដូចជា វិស័យអេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម។ ក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៦៣០គម្រោង មានទុនវិនិយោគសរុបប្រមាណ ១០ពាន់លានដុល្លារ និងបង្កើតការងារជាង ៤៣០,០០០កន្លែង។
សម្រាប់ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់អាទិភាពលើការពង្រីកទីផ្សារនាំចេញ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ការទាក់ទាញវិនិយោគលើឧស្សាហកម្មគាំទ្រ ការត្រៀមខ្លួនចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងការចូលរួមកាន់តែសកម្មជាមួយប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ។
ថ្លែងបិទសន្និបាត លោកបានបញ្ជាក់ថា កម្ពុជានឹងបន្តអនុវត្តគោលនយោបាយពាណិជ្ជកម្មប្រកបដោយភាពបើកចំហ និងចីរភាព ដើម្បីប្រែក្លាយបញ្ហាប្រឈមសកលទៅជាឱកាស សំដៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)