ភ្នំពេញ៖ កម្ពុជា និងវៀតណាម បានកត់ត្រាទំហំពាណិជ្ជកម្មទ្វេភាគីសរុបប្រមាណ ១១,៣៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កើនឡើង ១១,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ នេះបើតាមការបញ្ជាក់របស់ លោក ង្វៀន មិញ វូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកឯកអគ្គរដ្ឋទូតបានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់វៀតណាម សម្រេចបានតម្លៃសរុប ៥,៦៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៨,៤% ខណៈការនាំចូលទំនិញពីវៀតណាម មកកាន់កម្ពុជា មានតម្លៃ ៥,៦៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៧%។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាជាមួយភាគីកម្ពុជា ស្តីពី បក្សកុម្មុយនិស្តវៀតណាម ក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសវៀតណាម ក្នុងឱកាសសមាជជាតិលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។
លោក ង្វៀន មិញ វូ បានបញ្ជាក់ថា កំណើនទំហំពាណិជ្ជកម្មនេះ ឆ្លុះបញ្ចាំងពីសក្តានុពលនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងអាចជួយជំរុញឱ្យគោលដៅរបស់ថ្នាក់ដឹកនាំកម្ពុជា–វៀតណាម ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យឈានដល់ ២០ ពាន់លានដុល្លារអាមេរិក អាចសម្រេចបានក្នុងរយៈពេលខាងមុខ។
កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជួបពិភាក្សាជាមួយ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម, លោក ជិន ថាញ់ មិន ប្រធានរដ្ឋសភាវៀតណាម និង លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅប្រទេសវៀតណាម ដោយភាគីទាំងពីរ បានឯកភាពគ្នាបន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យឈានដល់គោលដៅ ២០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)