Register Already an agent ? Login

កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មលើស ៦៥ពាន់លានដុល្លារ កើនឡើងជិត ១៨% ក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ កម្ពុជា បានកត់ត្រាទំហំពាណិជ្ជកម្មសរុបលើស ៦៥.២៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ កើនឡើង ១៧.៦៦% បើប្រៀបធៀបនឹងឆ្នាំមុន នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ខណៈដែលប្រទេសនេះបន្តរក្សាបាននូវទីផ្សារនាំចេញសំខាន់ៗ ទោះបីស្ថិតក្នុងបរិបទសេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជាក៏ដោយ។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងអំឡុងឆ្នាំ២០២៥ ការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជា សម្រេចបានទឹកប្រាក់ ៣១.២៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦.៩៥% ខណៈការនាំចូល មានតម្លៃសរុប ៣៣.៩៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨.៣២%។

ថ្លែងក្នុងពិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងការលើកទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា កំណើនពាណិជ្ជកម្មនេះ ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់កម្ពុជា ក្នុងការរក្សាទំនាក់ទំនងជាមួយទីផ្សារពិភពលោក បង្កើនសក្តានុពលក្នុងខ្សែច្រវ៉ាក់តម្លៃ និងធានាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញអន្តរជាតិ។

បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន បណ្តាប្រទេសអាស៊ាន អូស្ត្រាលី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ នូវែលហ្សេឡង់ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក កាណាដា អេមីរាត់អារ៉ាប់រួម និងឥណ្ឌា។

ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ និងកាបូប សំបកកង់រថយន្ត ស្វាយចន្ទី អង្ករ ដំឡូងមី ព្រមទាំងគ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)