Register Already an agent ? Login

ខិត្តប័ណ្ណពន្ធលើផ្ទាំងផ្សព្វផ្សាយ ជួយអ្នកជាប់ពន្ធបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់

ភ្នំពេញ៖ ពន្ធលើផ្ទាំងផ្សព្វផ្សាយ ជាប្រភេទពន្ធប្រចាំឆ្នាំ អនុវត្តចំពោះការផ្សព្វផ្សាយតាមគ្រប់រូបភាព ទាំងចល័ត និងអចល័ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអ្នកជាប់ពន្ធត្រូវគណនានិងបង់ប្រាក់ពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ជារៀងរាល់ឆ្នាំ។

ដើម្បីគណនានិងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយ បានត្រឹមត្រូវ អ្នកជាប់ពន្ធគួរកំណត់លក្ខណៈរបស់ផ្ទាំងផ្សព្វផ្សាយនីមួយៗ ឱ្យបានច្បាស់លាស់ តាមលក្ខណៈសម្គាល់មួយចំនួនដូចខាងក្រោម៖

·       ប្រភេទនៃបណ្ណប្រកាស ជាប្រកាសបណ្ណផ្សាយពាណិជ្ជកម្ម ឬស្លាកអាជីវកម្មដ្ឋាន ឬផ្ទាំងអក្សរ ឬផ្ទាំងរូបភាព សម្រាប់គោលបំណងពាណិជ្ជកម្ម

·       ទំហំនៃបណ្ណប្រកាស (ក្រឡាផ្ទៃគិតជាដេស៊ីម៉ែត្រក្រឡា)

·       តួអក្សរបរទេស និងទំហំ (គិតតាមចំនួនតួអក្សរ និងកម្ពស់តួអក្សរគិតជាដេស៊ីម៉ែត្រ)

·       អចល័ត (នៅមួយកន្លែង) ឬចល័ត (តាមមធ្យោបាយដឹកជញ្ជូននានា)

·       មានពន្លឺ ឬគ្មានពន្លឺ

·       ទីតាំងនៃការលើកស្លាក កែង ឬស្រប ជាដើម

បន្ថែមលើសនេះ ដើម្បីបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការឈ្វេងយល់ពីពន្ធលើផ្ទាំងផ្សព្វផ្សាយ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំ ខិត្តប័ណ្ណពន្ធលើផ្ទាំងផ្សព្វផ្សាយ ដែលបានសង្ខេបពីចំណុចសំខាន់ៗនៃពន្ធនេះ ជាអាទិ៍មាន និយមន័យពាក្យគន្លឹះ ការលើកលែងពន្ធ អត្រាពន្ធ មូលដ្ឋានគិតពន្ធ ការគណនា រួមទាំងឧទាហរណ៍ ព្រមទាំងកាតព្វកិច្ច និងបែបបទនៃការប្រកាស និងបង់ប្រាក់ពន្ធផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)