ភ្នំពេញ៖ យោងតាមមាត្រា ៨ នៃច្បាប់ស្តីពីសារពើពន្ធ បានកំណត់យ៉ាងច្បាស់អំពី «ឆ្នាំជាប់ពន្ធ» សម្រាប់គោលដៅពន្ធលើប្រាក់ចំណូល ដែលអនុវត្តទាំងចំពោះនីតិបុគ្គល និងរូបវន្តបុគ្គល។
សម្រាប់ នីតិបុគ្គល ពន្ធលើប្រាក់ចំណូល ត្រូវបានគណនាចេញពីលទ្ធផលគណនេយ្យ ដែលសម្រេចបានក្នុងឆ្នាំប្រតិទិននីមួយៗ។ ចំពោះសហគ្រាសថ្មី ដែលចាប់ផ្តើមអាជីវកម្មក្នុងពេលណាមួយនៃឆ្នាំប្រតិទិន លទ្ធផលគណនេយ្យត្រូវគិតចាប់ពីថ្ងៃចាប់ផ្តើមប្រកបអាជីវកម្ម រហូតដល់ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំប្រតិទិននោះ។
ក្នុងករណីដែលមានលទ្ធផលគណនេយ្យច្រើនតៗគ្នា ក្នុងឆ្នាំប្រតិទិនណាមួយ លទ្ធផលគណនេយ្យទាំងឡាយត្រូវបូកបញ្ចូលគ្នា ដើម្បីធ្វើជាមូលដ្ឋានគិតពន្ធលើប្រាក់ចំណូល។ ចំណែកសហគ្រាសដែលត្រូវបានគ្រប់គ្រងដោយនីតិបុគ្គលអនិវាសនជន អាចស្នើសុំអនុវត្តឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន តាមនីតិវិធីដែលបានកំណត់។
ចំពោះ សហគ្រាសដែលបញ្ឈប់សកម្មភាពអាជីវកម្ម លទ្ធផលគណនេយ្យចុងក្រោយ ត្រូវគិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃបញ្ឈប់សកម្មភាពជាស្ថាពរ សម្រាប់សហគ្រាសដែលប្រើឆ្នាំប្រតិទិនជាឆ្នាំជាប់ពន្ធ។ រីឯសហគ្រាសដែលស្នើសុំអនុវត្តឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន លទ្ធផលគណនេយ្យត្រូវគិតចាប់ពីដើមឆ្នាំជាប់ពន្ធចរន្ត រហូតដល់ថ្ងៃបញ្ឈប់សកម្មភាពជាស្ថាពរ។
ដោយឡែក សម្រាប់ រូបវន្តបុគ្គល ពន្ធលើប្រាក់ចំណូល ត្រូវបានគណនាចេញពីប្រាក់ចំណូលសរុប ដែលសម្រេចបានក្នុងឆ្នាំប្រតិទិននីមួយៗ ដូចដែលបានកំណត់ក្នុងច្បាប់ជាធរមាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)