Register Already an agent ? Login

ប្រេងឡើងថ្លៃ ក្រោយការផ្តួលរំលំ Maduro

អន្តរជាតិ៖ តម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិបានបង្ហាញភាពប្រែប្រួលឡើងចុះ ខណៈពាណិជ្ជករ និងអ្នកវិភាគកំពុងវាយតម្លៃផលប៉ះពាល់ពីស្ថានការណ៍នយោបាយនៅប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការចាប់ខ្លួន និងផ្តួលរំលំប្រធានាធិបតី Nicolás Maduro ដោយសហរដ្ឋអាមេរិក ដែលអាចជះឥទ្ធិពលដល់ការផ្គត់ផ្គង់ប្រេងឆៅសកល និងអនាគតវិស័យថាមពលរបស់ប្រទេសនេះ។

នៅពេលបើកទីផ្សារ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះប្រហែល 1.2% មុននឹងងើបឡើងវិញមកជិត 61ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ West Texas Intermediate (WTI) មានតម្លៃលើស 57ដុល្លារក្នុងមួយបារ៉ែល។ ភាពចលាចលនេះបង្ហាញពីការប្រុងប្រយ័ត្នរបស់ទីផ្សារ ទោះបីជាមានភាពតានតឹងនយោបាយក៏ដោយ។

អ្នកវិភាគបានបញ្ជាក់ថា វេណេស៊ុយអេឡា ដែលធ្លាប់ជាប្រទេសផលិតប្រេងធំមួយ កំពុងមានទិន្នផលធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ ហើយបច្ចុប្បន្នមានចំណែកតិចជាង 1% នៃការផ្គត់ផ្គង់ប្រេងសកល។ ប្រេងភាគច្រើនរបស់ប្រទេសនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសចិន។

លោក Neil Shearingប្រធានសេដ្ឋវិទូក្រុមនៃ Capital Economics បានលើកឡើងថា ការរំខានរយៈពេលខ្លីណាមួយចំពោះការផលិតប្រេងរបស់វេណេស៊ុយអេឡា អាចត្រូវបានបំពេញដោយការបង្កើនផលិតកម្មនៅប្រទេសផ្សេងៗ។ លោកក៏បានព្យាករណ៍ថា ការផ្គត់ផ្គង់សកលដែលកើនឡើងក្នុងរយៈពេលមួយឆ្នាំខាងមុខ អាចជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះទៅកម្រិតប្រហែល 50ដុល្លារក្នុងមួយបារ៉ែល។

ក្នុងពេលដំណាលគ្នា អង្គការ OPEC+ បានសម្រេចបន្តផែនការផ្អាកការបន្ថែមការផ្គត់ផ្គង់នៅត្រីមាសទីមួយ ដោយក្រុមដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី មិនបានពិភាក្សាជាក់លាក់អំពីវេណេស៊ុយអេឡានោះទេ ខណៈទីផ្សារប្រេងកំពុងប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់លើសតម្រូវការ។

បើទោះបីជាមានសម្ពាធ និងទណ្ឌកម្មពីសហរដ្ឋអាមេរិក ក៏ដោយ ប្រភពជិតស្និទ្ធបានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធប្រេងសំខាន់ៗរបស់វេណេស៊ុយអេឡា រួមទាំងកំពង់ផែ Jose រោងចក្រចម្រាញ់ប្រេង Amuay និងតំបន់ Orinoco Belt មិនទទួលរងការខូចខាតដោយផ្ទាល់ឡើយ។ ទោះជាយ៉ាងណា ការស្តារវិស័យថាមពល និងការវិនិយោគថ្មីៗ ត្រូវការពេលវេលាយូរ មុននឹងអាចឃើញលទ្ធផលជាក់ស្តែង។

ប្រភព៖ Bloomberg, Reuters, Capital Economics

ប្រែសម្រួលដោយ៖ MD-Angkor