ភ្នំពេញ៖ ភ្នាក់ងារសេវាកម្មពន្ធដារអាចប្រឈមនឹងនឹងការព្យួរទុក ឬលុបចោលអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ក្នុងករណីបានប្រព្រឹត្តនូវសកម្មភាព ១១ចំណុចដែលបានកំណត់។
ភ្នាក់ងារសេវាកម្មពន្ធដារ សំដៅដល់បុគ្គលដែលទទួលបានអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ពីអគ្គនាយកដ្ឋានពន្ធដារ ក្រោយពីទទួល បាននីតិសម្បទាជាភ្នាក់ងារសេវាកម្មពន្ធដារ ក្រុមហ៊ុនមានសិទ្ធិក្នុងការផ្តល់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារជូនដល់អតិថិជន ព្រមទាំងជួយ ពន្យល់ណែនាំអ្នកជាប់ពន្ធឱ្យយល់ដឹងអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ និងនីតិវិធីបង់ពន្ធ ដើម្បីរួមចំណែកជំរុញអ្នកជាប់ពន្ធ ឱ្យអនុវត្តកាតព្វកិច្ចសារពើពន្ធបានត្រឹមត្រូវ ទាន់ពេលវេលា និងទប់ស្កាត់បាននូវអំពើគេចវេះពន្ធ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ អាចនឹងព្យួរទុក ឬលុបចោលនូវអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ស្របតាមប្រការ១៤ នៃប្រកាសលេខ ២៣០ សហវ.ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ ក្នុងករណីដែលភ្នាក់ងារសេវាកម្មពន្ធដារបានប្រព្រឹត្តនូវសកម្មភាពមួយចំនួនដូចខាងក្រោម៖
១- ខកខានមិនអនុវត្តបានត្រឹមត្រូវតាមប្រកាសលេខ ២៣០ សហវ.ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២
ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ។
២- ល្មើសច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ។
៣- ធ្វើ ឬផ្តល់យោបល់ ឬចូលរួមជាមួយអតិថិជន ក្នុងសកម្មភាពលួចបន្លំប្រាក់ពន្ធ។
៤- ផ្តល់យោបល់ ឬផ្តល់សេវាផ្សេងៗដល់អតិថិជនមិនត្រឹមត្រូវ ដែលនាំឱ្យអតិថិជនប្រព្រឹត្តខុសច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ។
៥- មានចេតនាធ្វើឱ្យរាំងស្ទះដល់ការកំណត់ពន្ធ និងការប្រមូលពន្ធ។
៦- កេងបន្លំប្រាក់ពន្ធរបស់ស្ថាប័នរដ្ឋ និងអតិថិជន។
៧- ជាប់បំណុលមិនអាចសងរួច ឬក្ស័យធន។
៨- បាត់បង់សមត្ថភាព ដោយមូលហេតុផ្សេងៗ ដែលមិនអាចបំពេញឱ្យបានត្រឹមត្រូវនូវកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនជាភ្នាក់ងារ សេវាកម្មពន្ធដារ។
៩- ប្រព្រឹត្តល្មើសច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន ដែលមានកម្រិតធ្ងន់ធ្ងរ។
១០- ឈប់ធ្វើអាជីវកម្មជាភ្នាក់ងារសេវាកម្មពន្ធដារ។
១១- មិនបានគោរពនូវគោលការណ៍នៃការបណ្តុះបណ្តាល និងបច្ចុប្បន្នភាពចំណេះដឹងរបស់អគ្គនាយកដ្ឋានពន្ធដារ។
ការព្យួរ ឬការលុបចោលអាជ្ញាបណ្ណជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍ មិនត្រូវបានផ្តល់នូវសំណង ឬជំងឺចិត្តឡើយ។ ដើម្បីធ្វើការស្នើសុំថ្មីបន្ត ព្យួរ ឬធ្វើបច្ចុប្បន្នភាពអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ បុគ្គលស្នើសុំត្រូវអនុវត្តតាមនីតិវិធីដាក់ពាក្យស្នើសុំតាមប្រព័ន្ធគ្រប់គ្រង ការស្នើសុំវិញ្ញាបនបត្រពន្ធដារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)