ភ្នំពេញ៖ អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment)។
ស្ថិតក្នុងអំឡុងពេលនៃការប្រកាសនិងបង់ប្រាក់ពន្ធប៉ាតង់ប្រចាំឆ្នាំដែលមានរយៈពេល ៣ខែ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ អ្នកជាប់ពន្ធមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរ និងរង់ចាំបង់ប្រាក់ពន្ធនិងបោះពុម្ពបណ្ណពន្ធប៉ាតង់ នៅតាមបណ្តាសាខា ពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមបណ្តាសាខាធនាគារពាណិជ្ជជាដៃគូទៀតឡើយ។
លោកអ្នកគ្រាន់តែប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាម អនឡាញ (e-Payment) របស់អគ្គនាយកដ្ឋានពន្ធដារ នោះលោកអ្នកនឹងអាចបង់ប្រាក់ពន្ធប៉ាតង់ព្រមទាំងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯងពីគ្រប់ទីកន្លែង។
ពន្ធប៉ាតង់ គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធនិងកម្រិតផលរបរ។
អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០រៀល អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០រៀល និងអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០រៀល ឬ៥ ០០០ ០០០រៀល ចំពោះអ្នកជាប់ពន្ធធំដែលមានផលរបរចាប់ពី ១០ ០០០លានរៀលឡើងទៅ។
ដើម្បីបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការឈ្វេងយល់ពីពន្ធប៉ាតង់ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំខិត្តប័ណ្ណពន្ធប៉ាតង់ ដែលបានសង្ខេប ពីចំណុចសំខាន់ៗនៃពន្ធនេះ ជាអាទិ៍មាន កម្មវត្ថុនៃពន្ធ ការលើកលែងពន្ធ អត្រាពន្ធ កាតព្វកិច្ចនិងបែបបទនៃការប្រកាសនិងបង់ប្រាក់ពន្ធ ព្រមទាំងរបៀបបោះពុម្ពបណ្ណពន្ធប៉ាតង់ដោយខ្លួនឯងផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)