Register Already an agent ? Login

មាស និងប្រាក់ងើបឡើងវិញ បន្ទាប់ពីការលក់ចេញយ៉ាងខ្លាំង

អន្តរជាតិ៖ តម្លៃមាស និងប្រាក់នៅទីផ្សារពិភពលោក បានងើបឡើងវិញនៅថ្ងៃអង្គារ បន្ទាប់ពីរងសម្ពាធលក់យ៉ាងខ្លាំងកាលពីមុន ដែលបង្កើនក្តីសង្ឃឹមថា និន្នាការកើនឡើងរយៈពេលវែងរបស់លោហៈដ៏មានតម្លៃទាំងនេះ អាចនឹងបន្តទៅមុខទៀត។

តម្លៃមាសនាពេលអនាគតបានកើនឡើងតិចជាង 1% ឡើងដល់ប្រហែល 4,362ដុល្លារក្នុងមួយអោន ខណៈតម្លៃប្រាក់នាពេលអនាគតបានងើបឡើងដល់ 8% បន្ទាប់ពីធ្លាក់ចុះខ្លាំងបំផុតក្នុងមួយថ្ងៃ ចាប់តាំងពីឆ្នាំ 2021។ លោហៈទាំងពីរនេះកំពុងស្ថិតក្នុងទិសដៅនៃការកត់ត្រាកំណើនប្រចាំឆ្នាំធំបំផុត ចាប់តាំងពីឆ្នាំ 1979 មក។

មិនត្រឹមតែប៉ុណ្ណោះ ផ្លាទីន និងទង់ដែង ក៏ត្រូវបានជួញដូរនៅកម្រិតជិតកំណត់ត្រាផងដែរ ដោយសារតែការប្រកួតប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI) ជាសកល និងការខិតខំរបស់ប្រទេសធំៗ ក្នុងការផលិត និងផ្គត់ផ្គង់ធនធាននៅក្នុងស្រុក។

លោក Josh Phair ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Scottsdale Mint បានប្រាប់ Yahoo Finance ថា ពិភពលោកកំពុងចូលទៅក្នុង “សង្គ្រាមលោហៈ” ដោយប្រទេសនានាកំពុងប្រឹងប្រែងធានាថា ខ្លួនមានធនធានគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខជាតិ។ លោកបានបញ្ជាក់ថា ការទិញមាសរបស់ធនាគារកណ្តាល បានជំរុញឱ្យតម្លៃមាសកើនឡើងប្រហែល 68% ក្នុងឆ្នាំនេះ បន្ទាប់ពីកើនឡើង 27% កាលពីឆ្នាំមុន។

ក្រៅពីមាស ប្រាក់ និងទង់ដែង ក៏មានតម្លៃកើនឡើងយ៉ាងចាប់អារម្មណ៍ ក្នុងប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ចូលវាទៅក្នុងបញ្ជីរ៉ែសំខាន់ៗ ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខជាតិ។ លោក Phair បានលើកឡើងថា ការកើនឡើងនៃមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យាថ្មីៗ ធ្វើឱ្យតម្រូវការប្រាក់កាន់តែខ្លាំងឡើង។

នៅពេលដូចគ្នានេះ ប្រទេសចិន ដែលជាប្រទេសផលិតប្រាក់ធំជាងគេទីបីនៅលើពិភពលោក ត្រូវបានរំពឹងថានឹងរឹតបន្តឹងការនាំចេញប្រាក់ ចាប់ពីថ្ងៃទី 1 ខែមករា ខាងមុខ ដែលបង្កើនការព្រួយបារម្ភអំពីវិបត្តិផ្គត់ផ្គង់សកល។ អ្នកវិភាគជាច្រើនជឿថា កត្តានេះអាចជំរុញឱ្យតម្លៃប្រាក់កើនឡើងបន្ថែមទៀត។

យោងតាម វិទ្យាស្ថានប្រាក់ (Silver Institute)ប្រហែល 60% នៃប្រាក់ពិភពលោក ត្រូវបានប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដូចជា បន្ទះសូឡា មជ្ឈមណ្ឌលទិន្នន័យ និងអាគុយរថយន្តអគ្គិសនី។ ជាក់ស្តែង ក្រុមហ៊ុន Samsung ក៏បានចុះកិច្ចព្រមព្រៀងរាប់លានដុល្លារ ដើម្បីធានាការផ្គត់ផ្គង់ប្រាក់នាពេលអនាគត ដែលបង្ហាញពីតម្រូវការខ្ពស់លើលោហៈនេះ។

ទោះមានការព្រមានពីអ្នកយុទ្ធសាស្ត្រមួយចំនួនអំពីការជួញដូរដែលអាចលើសកម្រិតក្តី លោក Phair នៅតែជឿថា បើគិតតាមអតិផរណា តម្លៃប្រាក់នៅតែថោក បើប្រៀបធៀបទៅនឹងតម្លៃកំពូលក្នុងអតីតកាល។

ការកើនឡើងតម្លៃលោហៈនៅឆ្នាំនេះ ក៏កើតឡើងស្របពេលដែលប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះជិត 10% និងធនាគារកណ្តាលសហរដ្ឋអាមេរិក បានបន្ទាបអត្រាការប្រាក់ជាច្រើនដង ដែលជាកត្តាគាំទ្រសម្រាប់ទីផ្សារលោហៈដ៏មានតម្លៃ។

ប្រភព៖ Yahoo Finance

ប្រែសម្រួលដោយ៖ MD-Angkor