Register Already an agent ? Login

ភាគហ៊ុនអាស៊ីធ្លាក់ចុះតាម Wall Street ក្នុងដំណាក់កាលចុងក្រោយនៃឆ្នាំ២០២៥

អន្តរជាតិ៖ ទីផ្សារភាគហ៊ុនភាគច្រើននៅតំបន់អាស៊ី បានធ្លាក់ចុះនៅថ្ងៃអង្គារ ដោយអនុវត្តតាមទិសដៅអវិជ្ជមានពី Wall Street ខណៈកិច្ចសន្យាអនាគតរបស់សហរដ្ឋអាមេរិក បង្ហាញពីការប្រែប្រួលតិចតួច នៅក្នុងបរិយាកាសជួញដូរដែលស្ងប់ស្ងាត់នៅចុងឆ្នាំ។

ដោយនៅសល់តែពីរថ្ងៃជួញដូរចុងក្រោយប៉ុណ្ណោះ មុនបញ្ចប់ឆ្នាំ2025 វិនិយោគិនធំៗភាគច្រើន បានបិទមុខតំណែងរបស់ខ្លួន ខណៈបរិមាណជួញដូរនៅទីផ្សារសកល នៅកម្រិតទាប។ ទីផ្សារភាគច្រើន នឹងបិទនៅថ្ងៃព្រហស្បតិ៍ (ចូលឆ្នាំថ្មី) ហើយខ្លះនឹងបន្តបិទរហូតដល់ថ្ងៃសុក្រ។

ស្ថានភាពទីផ្សារអាស៊ី៖ Nikkei (ជប៉ុន) ធ្លាក់ចុះតិចជាង 0.1% មកនៅ 50,519.12 Hang Seng (ហុងកុង) កើនឡើង 0.5% ដល់ 25,751.64 Shanghai Composite ធ្លាក់ចុះ 0.1% មកនៅ 961.21 S&P/ASX 200 (អូស្ត្រាលី) ធ្លាក់ចុះ 0.1% មកនៅ 8,719.10 Kospi (កូរ៉េខាងត្បូង) កើនឡើងតិចតួចដល់ 4,221.64 Taiex (តៃវ៉ាន់) ធ្លាក់ចុះ 0.2%។

នៅ Wall Street កាលពីថ្ងៃចន្ទ ភាគហ៊ុនបានធ្លាក់ចុះក្នុងបរិយាកាសជួញដូរស្ងប់ស្ងាត់៖ S&P 500 ធ្លាក់ចុះ 0.3% មកនៅ 6,905.74 ប៉ុន្តែនៅតែកើនជាង 17% សម្រាប់ឆ្នាំនេះ Dow Jones ធ្លាក់ចុះ 0.5% មកនៅ 48,461.93 Nasdaq ធ្លាក់ចុះ 0.5% មកនៅ 23,474.35។

ភាគហ៊ុនបច្ចេកវិទ្យាធំៗ ដែលមានតម្លៃខ្ពស់ ដូចជា Nvidia និងក្រុមហ៊ុនពាក់ព័ន្ធនឹង AI បានទទួលសម្ពាធខ្លាំង ដោយ Nvidia ធ្លាក់ចុះ 1.2% ខណៈ Broadcom ធ្លាក់ចុះ 0.8%។ វិនិយោគិនកំពុងសង្ស័យថា ការវិនិយោគដ៏ធំលើ AI នឹងអាចផ្តល់ផលចំណេញតាមការរំពឹងទុក ឬអត់។

ចំណែកភាគហ៊ុនថាមពល បានទទួលអត្ថប្រយោជន៍ពីការកើនឡើងនៃតម្លៃប្រេង។ កាលពីថ្ងៃចន្ទ ប្រេងឆៅអាមេរិកបានកើនឡើង 2.4% ដល់ 58.08 ដុល្លារ/បារ៉ែល ខណៈ Brent កើនឡើង 2.1% ដល់ 61.94 ដុល្លារ/បារ៉ែល។ ទោះយ៉ាងណា នៅព្រឹកថ្ងៃអង្គារ តម្លៃប្រេងមានការប្រែប្រួលតិចតួច។

មាស និងប្រាក់បានបន្តកើនឡើងវិញ បន្ទាប់ពីការធ្លាក់ចុះខ្លាំងកាលពីថ្ងៃចន្ទ បន្ទាប់ពី CME ស្នើឱ្យពាណិជ្ជករដាក់ប្រាក់បន្ថែមលើកិច្ចសន្យា។ មាសកើនឡើង 0.9% និងកើនប្រហែល 64% សម្រាប់ឆ្នាំនេះ ខណៈប្រាក់កើនឡើង 5.2% និងកើនជាងទ្វេដងនៅឆ្នាំ 2025។

ក្នុងទីផ្សារបំណុល ទិន្នផលរតនាគារអាមេរិករយៈពេល 10ឆ្នាំ បានធ្លាក់ចុះមកត្រឹម 4.11% ខណៈធនាគារកណ្តាលសហរដ្ឋអាមេរិក បន្តគោលនយោបាយកាត់បន្ថយអត្រាការប្រាក់ ដើម្បីគាំទ្រសេដ្ឋកិច្ច និងទីផ្សារការងារ ទោះបីជាមានហានិភ័យអតិផរណាកើនឡើងក៏ដោយ។

នៅទីផ្សាររូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះបន្តិចមកនៅ 156.03យេនជប៉ុន ខណៈប្រាក់អឺរ៉ូ កើនឡើងដល់ 1.1779ដុល្លារ៕

ប្រភព៖ AP News | Reuters | Wall Street Journal |

ប្រែសម្រួលដោយ៖ MD-Angkor