អន្តរជាតិ៖ ខណៈពេលពិភពលោកកំពុងខិតជិតឈានចូលឆ្នាំថ្មី ឆ្នាំ២០២៦ ការវិនិយោគក្លាយជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់វិនិយោគិនទូទាំងសកលលោក។ បន្ទាប់ពីឆ្នាំ២០២៥ ដែលទីផ្សារភាគហ៊ុនអាមេរិកបានទទួលផលចំណេញខ្លាំង ជាពិសេសដោយសារការចំណាយរាប់ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) សំណួរធំមួយកំពុងត្រូវបានលើកឡើងថា៖ តើទិសដៅទីផ្សារនឹងទៅជាយ៉ាងណានៅឆ្នាំ២០២៦?
ក្នុងពេលតែមួយ សេដ្ឋកិច្ចអាមេរិកក៏កំពុងប្រឈមមុខនឹងសម្ពាធជាច្រើន រួមមានអត្រាអតិផរណា ភាពមិនប្រាកដប្រជានៃទីផ្សារការងារ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ទោះជាយ៉ាងណា អ្នកជំនាញជាច្រើនជឿថា ការធ្លាក់ចុះនៃអត្រាការប្រាក់នៅឆ្នាំ២០២៦ អាចជួយគាំទ្រដល់ប្រាក់ចំណូលសាជីវកម្ម និងបន្តផ្តល់ឱកាសវិនិយោគនៅវិស័យមួយចំនួន។
S&P 500 នៅឆ្នាំ២០២៦៖ ផលចំណេញអាចមាន ប៉ុន្តែមិនខ្លាំងដូចមុន
បន្ទាប់ពីការកើនឡើងពីរខ្ទង់ជាប់ៗគ្នារយៈពេលពីរឆ្នាំ សន្ទស្សន៍ S&P 500 ត្រូវបានគេរំពឹងថានឹងមានឆ្នាំមួយដែលផលចំណេញមានលក្ខណៈមធ្យមជាងមុន។ លោកស្រី Ayako Yoshioka នាយកប្រឹក្សាយោបល់ផលប័ត្រនៅ Wealth Enhancement បានបញ្ជាក់ថា អត្រាប្រាក់ចំណេញប្រចាំឆ្នាំជាមធ្យមប្រហែល 7% គឺជាការរំពឹងទុកសមហេតុផលសម្រាប់ឆ្នាំ២០២៦។
លោកស្រីបានពន្យល់ថា កំណើនប្រាក់ចំណូលសាជីវកម្មត្រូវបានគេរំពឹងថានឹងលើស 12% ប៉ុន្តែការវាយតម្លៃភាគហ៊ុននៅកម្រិតខ្ពស់នៅតែជាកត្តាហានិភ័យមួយ។ ដូច្នេះ គោលដៅផលចំណេញ 7% អនុញ្ញាតឲ្យមានលំហសម្រាប់ការកែតម្រូវតម្លៃទីផ្សារបន្តិច។
លើសពីនេះ លោកស្រី Yoshioka ក៏បានរំពឹងថា ទីផ្សារនឹងមានភាពប្រែប្រួលខ្លះៗ ខណៈដែលប្រធានបទ AI នៅតែបន្តជាចំណុចជជែកវែកញែកយ៉ាងក្តៅគគុក។ វិនិយោគិនកំពុងវាស់វែងថា តើភាគហ៊ុនដែលពាក់ព័ន្ធនឹង AI មានតម្លៃសមស្រប ឬត្រូវបានវាយតម្លៃខ្ពស់លើសកម្រិតពិតប្រាកដ។
ភាគហ៊ុនខ្នាតតូច និងមធ្យម៖ អាចក្លាយជាផ្កាយរះនៅឆ្នាំ២០២៦
ភាគហ៊ុនខ្នាតតូច និងមធ្យម ដូចជា S&P 600 និង S&P 400 មានដំណើរការអន់ជាងភាគហ៊ុនធំៗក្នុងរយៈពេលបីឆ្នាំចុងក្រោយ។ ទោះយ៉ាងណា អ្នកជំនាញជាច្រើនជឿថា ឆ្នាំ២០២៦ អាចជាឱកាសសម្រាប់ក្រុមហ៊ុនទាំងនេះ។
លោកស្រី Yoshioka បានលើកឡើងថា កំណើនប្រាក់ចំណូលរបស់ S&P 600 ត្រូវបានគេរំពឹងថានឹងឈានដល់ 18% ហើយការវាយតម្លៃក៏មានភាពសមហេតុផលជាងភាគហ៊ុនធំៗ។ ប្រសិនបើអត្រាការប្រាក់មានស្ថេរភាព សកម្មភាពរួមបញ្ចូលគ្នា និងការទិញយក (M&A) អាចកើនឡើង ដែលជាអត្ថប្រយោជន៍សំខាន់សម្រាប់ក្រុមហ៊ុនខ្នាតតូច។
លោក David Rosenstrock នាយកនៅ Wharton Wealth Planning ក៏មានទស្សនៈស្រដៀងគ្នា ដោយលើកឡើងថា ភាគហ៊ុនបច្ចេកវិទ្យា និងហិរញ្ញវត្ថុខ្នាតតូច និងមធ្យម អាចមានឆ្នាំដ៏រឹងមាំ។ លោកបានបញ្ជាក់ថា ខ្សែកោងទិន្នផលដែលចោតជាងមុន និងការច្នៃប្រឌិតឌីជីថល រួមទាំង AI អាចជួយបង្កើនប្រាក់ចំណេញសុទ្ធរបស់វិស័យហិរញ្ញវត្ថុ។
ភាគហ៊ុនអន្តរជាតិ៖ ជម្រើសដែលមានសក្ដានុពលរយៈពេលវែង
នៅខាងក្រៅសហរដ្ឋអាមេរិក ភាគហ៊ុនអន្តរជាតិ ក៏ត្រូវបានមើលឃើញថាមានសក្ដានុពលនៅឆ្នាំ២០២៦។ លោក Crit Thomas អ្នកយុទ្ធសាស្ត្រទីផ្សារសកលនៅ Touchstone Investments បានឲ្យដឹងថា ប្រាក់ចំណូលអន្តរជាតិត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងកម្រិតខ្ទង់ខ្ពស់តែមួយ។
លោកបានចង្អុលបង្ហាញថា ធនាគារអឺរ៉ុបមានការអនុវត្តប្រាក់ចំណូលរឹងមាំ និងតម្លៃភាគហ៊ុនទាបជាងអាមេរិក។ ទោះបីជាចក្រភពអង់គ្លេសនៅតែមានការព្រួយបារម្ភរយៈពេលខ្លី ការវាយតម្លៃទាបអាចផ្តល់ការការពារហានិភ័យ និងឱកាសកើនឡើងនៅពេលអនាគត។
មាស៖ តួនាទីជាអាវុធការពារហានិភ័យនៅឆ្នាំ២០២៦
តម្លៃមាសបានកើនឡើងជាង 50% នៅឆ្នាំ២០២៥ ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយ តម្រូវការខ្លាំងពីធនាគារកណ្តាល និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។ លោក Paul Williams នាយកគ្រប់គ្រងក្រុមហ៊ុន Solomon Global រំពឹងថា កត្តាទាំងនេះនឹងបន្តមានឥទ្ធិពលនៅឆ្នាំ២០២៦។
លោកបានព្យាករណ៍ថា តម្លៃមាសអាចបន្តកើនឡើង និងឈានដល់ 5,000ដុល្លារក្នុងមួយអោន នៅចុងឆ្នាំ២០២៦។ ការព្យាករណ៍នេះក៏ត្រូវបានគាំទ្រដោយអ្នកវិភាគពី Bank of America, HSBC និង Goldman Sachs ដែលបានកំណត់គោលដៅតម្លៃមាសនៅចន្លោះ 4,900–5,000ដុល្លារក្នុងមួយអោន។
គួរបញ្ជាក់ថា ឆ្នាំ២០២៦ ត្រូវបានមើលឃើញថាជាឆ្នាំដែលទីផ្សារវិនិយោគនឹងមានភាពប្រែប្រួល ប៉ុន្តែមិនខ្វះឱកាស។ ខណៈដែលភាគហ៊ុនធំៗអាចផ្តល់ផលចំណេញមធ្យម ភាគហ៊ុនខ្នាតតូច មធ្យម និងទីផ្សារអន្តរជាតិ អាចក្លាយជាជម្រើសគួរឲ្យចាប់អារម្មណ៍។ មាសនៅតែរក្សាតួនាទីសំខាន់ជាឧបករណ៍ការពារហានិភ័យ ក្នុងបរិយាកាសសេដ្ឋកិច្ចពិភពលោកដែលមិនប្រាកដប្រជា៕
ប្រភព៖ Yahoo Finance
ប្រែសម្រួលដោយ៖ MD-Angkor