Register Already an agent ? Login

៦ថ្ងៃទៀតការលើកលែងទណ្ឌកម្មរដ្ឋបាល នឹងត្រូវផុតកំណត់ ការប្រកាសនិងបង់ប្រាក់ពន្ធលើអចលន

ភ្នំពេញ៖ រួសរាន់ឡើងនៅសល់តែប្រមាណ ៦ថ្ងៃ ទៀត រយៈពេលលើកលែងទណ្ឌកម្មរដ្ឋបាល ចំពោះការប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យឆ្នាំ២០២៥ នឹងត្រូវផុតកំណត់។

ពន្ធលើអចលនទ្រព្យ ជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។

ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានពន្ធដារ តាមរយៈសេចក្តីជូនដំណឹងលេខ៣២៣២២ អពដ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានពន្យារពេលប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពោលគឺអ្នកជាប់ពន្ធ នៅសល់ពេលប្រមាណ ៦ថ្ងៃ ទៀត ដើម្បីបំពេញកាតព្វកិច្ចពន្ធនេះឱ្យបានរួចរាល់។

ការពន្យារពេលនៃការប្រកាសនិងបង់ប្រាក់ពន្ធនេះ ផ្តល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ អាចបន្តប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ ដោយមិនទទួលរងនូវទណ្ឌកម្មរដ្ឋបាល រួមមាន ពន្ធបន្ថែម និងការប្រាក់នោះឡើយ។

ដើម្បីបំពេញកាតព្វកិច្ចពន្ធលើអចលនទ្រព្យឱ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាម មធ្យោបាយណាមួយក៏បានរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖

- តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App

- នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ

- នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។

កាន់តែងាយស្រួល ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធអចលនទ្រព្យបាន ដោយអនុវត្តតែ ២ ជំហានប៉ុណ្ណោះ តាមរយៈ មុខងារបង់ពន្ធរហ័ស (QUICK PAYMENT) ដែលជាមុខងារថ្មីក្នុងកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)