Register Already an agent ? Login

គម្រោងវិនិយោគចំនួន១៣ ទុនប្រមាណ ៣២៣លានដុល្លារ ត្រូវបានពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣២៣លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៧ពាន់កន្លែង។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៨ កាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

បើតាម កិច្ចប្រជុំច្រកចេញ-ចូលតែមួយនេះ លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣២៣លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៧ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១២គម្រោង។

គម្រោងទាំង ១២ រួមមាន៖ ផលិតគ្រឿងសម្អាង, ផ្គុំដំទ្បើងបរិក្ខារអគ្គិសនី, ផលិតក្រណាត់ ជ្រលក់ពណ៌និងផលិតផលវាយនភ័ណ្ឌ, ផលិតសម្ភារៈផ្ទះបាយ, ផ្គុំដំទ្បើងរថយន្ត, ផលិតមីនិងគ្រឿងបន្សំសម្រាប់មី, ផលិតសម្ភារៈបោះជំរំ សម្ភារៈកីទ្បានិងគ្រឿងបន្ទាប់បន្សំ, ផលិតផើងផ្កានិងសម្ភារៈតុបតែងលម្អក្នុងសួនច្បារគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិម, ផលិតផលិតផលកម្ចាត់សត្វល្អិត។

និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព១៥០មេហ្កាវ៉ាត់។

គួរបញ្ជាក់ថា គម្រោងវិនិយោគទាំង១៣ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងមណ្ឌលគិរី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)