អន្តរជាតិ៖ តម្លៃប្រេងឆៅ បានធ្លាក់ចុះដល់កម្រិតដែលមិនធ្លាប់មានចាប់តាំងពីដើមឆ្នាំ២០២១ ខណៈដែលការផ្គត់ផ្គង់លើសតម្រូវការដែលរំពឹងទុកយ៉ាងទូលំទូលាយបានកើនឡើងសន្ទុះ ហើយការចរចាសន្តិភាពក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែនបានឈានទៅមុខ។
កិច្ចសន្យាអនាគតលើប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារកំណត់តម្លៃអន្តរជាតិ (BZ=F) បានធ្លាក់ចុះជាង 2% មកនៅក្រោម 59ដុល្លារនៅថ្ងៃអង្គារ ខណៈកិច្ចសន្យាអនាគតលើប្រេងឆៅប្រភេទ West Texas Intermediate (WTI) ដែលជាស្តង់ដាររបស់សហរដ្ឋអាមេរិក (CL=F) បានធ្លាក់ចុះជាង 3% មកនៅក្រោម 55ដុល្លារនៅចំណុចមួយ។
ផលិតផលថាមពលទាំងពីរ បានឈានដល់កម្រិតមួយកាលពីថ្ងៃអង្គារ ដែលមិនធ្លាប់មានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលក្រុមអ្នកវិភាគបានចង្អុលបង្ហាញពីទស្សនវិស័យ ដែលត្រូវបានសម្គាល់ដោយ "ការផ្គត់ផ្គង់លើសកម្រិតមិនធម្មតា"។
អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) បាននិងកំពុងបន្ធូរបន្ថយការកាត់បន្ថយក្នុងអត្រាគួរឱ្យកត់សម្គាល់ ដោយបង្កើនបរិមាណបារ៉ែលដែលត្រូវបានបន្ថែមទៅក្នុងទីផ្សារជារៀងរាល់ខែ ខណៈដែលប្រទេសផ្គត់ផ្គង់ផ្សេងទៀតនៅក្រៅទ្វីបអាមេរិកបាននិងកំពុងបង្កើនកម្រិតរបស់ពួកគេ។
ចន្លោះខែមេសា និងខែធ្នូ ប្រទេសជាសមាជិក OPEC+ បានបង្កើនផលិតកម្មចំនួន 2.9លានបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលប្រទេសអារ៉ាប៊ីសាអូឌីតបានព្យាយាមដណ្តើមយកចំណែកទីផ្សារ និងការគ្រប់គ្រងតម្លៃពីលោកខាងលិចមកវិញ។ នៅសហរដ្ឋអាមេរិក រដ្ឋបាលព័ត៌មានថាមពលសហព័ន្ធរំពឹងថាស្តុកប្រេងក្នុងស្រុកនឹងបន្តកើនឡើងរហូតដល់ឆ្នាំ2026 ផងដែរ។
ទោះបីជាមានការសម្រេចចិត្តថ្មីៗនេះដោយអង្គការ OPEC ដើម្បីរក្សាអត្រាផលិតកម្មឱ្យមានស្ថេរភាពពេញមួយត្រីមាសទីមួយក៏ដោយ ទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយកាលពីសប្តាហ៍មុនថា ឥឡូវនេះខ្លួនរំពឹងថា ការផ្គត់ផ្គង់ប្រេងលើសនៅឆ្នាំ 2026 នឹងឈានដល់ 3.8លានបារ៉ែលក្នុងមួយថ្ងៃ។
នៅលើផ្ទៃទឹក កប៉ាល់ដឹកប្រេងឆៅនៅលើសមុទ្រឥឡូវនេះកំពុងផ្ទុកប្រេងជាង 1ពាន់លានបារ៉ែល ដែលជាតួលេខដែលបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលអ្នកលក់មានការលំបាកក្នុងការស្វែងរកអ្នកទិញដែលមានឆន្ទៈក្នុងការទទួលយកប្រេង។
ប្រសិនបើអង្គការ OPEC+ ដែលបានយល់ព្រមផ្អាកការបន្ធូរបន្ថយផលិតកម្មពេញមួយត្រីមាសទីមួយ មិនប្តូរទៅកាត់បន្ថយប្រេងទេ ហើយអ្នកផលិតផ្សេងទៀតក៏មិនបន្ថយល្បឿនដែរ អ្នកយុទ្ធសាស្ត្រមើលឃើញថាប្រេងអាចនឹងធ្លាក់ចុះដល់ ៤០ ដុល្លារ ឬសូម្បីតែ ៣០ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតដែលនឹងបង្កគ្រោះមហន្តរាយដល់ឧស្សាហកម្មនេះ៕
ប្រភព៖ Yahoo Finance
ប្រែសម្រួលដោយ៖ MD-Angkor