តាកែវ៖ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៤១,៤០គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៣៦គីឡូម៉ែត្រ នៅក្នុងខេត្តតាកែវ។
នៅក្នុងខាងលើ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ លើកឡើងរបាយការណ៍អំពីស្ថានភាពភូមិសាស្ដ្រ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនិងគមនាគមន៍ និងកម្រិតជីវភាពរបស់ប្រជាជននៅទូទាំងខេត្តក្រចេះ តាមរយៈការប្រកបមុខរបរកសិកម្ម និងមុខរបរមិនមែនកសិកម្ម។
លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស ក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងពីរបាយការណ៍ ក្នុងពិធីសម្ពោធនេះឱ្យដឹងថា ផ្លូវជនបទ ៧ខ្សែ ប្រវែងសរុប ៤១,៤គីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFVAC) ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង។
ការបើកការដ្ឋានសាងសង់ផ្លូវចំនួន ៧ខ្សែ សរុបប្រវែង ៣៦គីឡូម៉ែត្រ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFVAC) ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគម្រោងពិពិធកម្មកសិកម្មកម្ពជា (CASDP) ក្រោមហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (World Bank)។ ជាការបន្ត លោក ជ្រាយ ប៉ុម។
លោក បានបញ្ជាក់ថា ផ្លូវទាំង ៧ខ្សែនេះ គ្រោងនឹងបញ្ចប់ការសាងសង់ ១០០% យ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៧ ខាងមុខនេះ។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបើកការដ្ឋានស្ថាបនាផ្លូវជនបទនាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកាសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។
ការអភិវឌ្ឍមូលដ្ឋានជនបទឱ្យមានការរីកចម្រើនគឺជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បាននិងកំពុងខិតខំយកចិត្តទុដាក់យ៉ាងខ្លាំង ជាមួយនោះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានរួមចំណែកកសាងបាននូវសមិទ្ធផលជាច្រើនផងដែរ។ ជាការថ្លែងបន្ត លោក ជា វ៉ាន់ដេត។
លោក ឆាយ ឫទ្ធិសែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពទាំងអស់ជុំវិញខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងទទួលបាននូវសមិទ្ធផលនានាលើគ្រប់វិស័យទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យខេត្តតាកែវកាន់តែមានសម្រស់ស្រស់បំព្រង។
លោក បានថ្លែងបន្តថា ខេត្តតាកែវមានផ្លូវជនបទសរុបចំនួន ៧៨៤ខ្សែ ដែលមានប្រវែងសរុបប្រមាណ ២ ៦០០គីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុងប្រវែងប្រមាណជិត ៥០០គីឡូម៉ែត្រ ហើយពិធីសម្ពោធ និងបើកការដ្ឋាននាឱកាសនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ និងប្រជាជនកើនឡើងកាន់តែច្រើន។
រដ្ឋមន្ដ្រី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែជំរុញនិងផ្តល់ការគាំទ្រដល់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ជនបទនៅទូទាំងប្រទេស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)