Register Already an agent ? Login

គណៈប្រតិភូវិនិយោគិនចិន ទស្សនកិច្ចកម្ពុជាស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងឧស្សាហកម្មឈើដាំ

ភ្នំពេញ៖ គណៈប្រតិភូវិនិយោគិនចិន ក្រុមហ៊ុន Guangzhou Tiandi Forestry Co., Ltd មកពីខេត្តក្វាងចូវ ប្រទេសចិន បានមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសឧស្សាហកម្មឈើដាំ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។

បើតាមជំនួបនេះ នារសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បន្ថែមលើការលើកឡើងអំពីបរិយាកាសវិនិយោគនិងធុរកិច្ចជារួមនៅកម្ពុជា អគ្គលេខាធិការ បានជម្រាបជូនពីកំណើននៃការវិនិយោគ និងការធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈវត្តមាននៃគម្រោងវិនិយោគក្នុងវិស័យយានយន្ត អេឡិចត្រូនិក គ្រឿងសង្ហារិម។ល។ 

លោកប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណ អគ្គលេខាធិការ ដែលបានចំណាយពេលវេលាទទួលជួបពិភាក្សាការងារ ព្រមទាំងបានអត្ថាធិប្បាយលម្អិតអំពីស្ថានភាពវិនិយោគនៅកម្ពុជា។ លោកបានមានការកត់សម្គាល់ឃើញថា កម្ពុជាពិតជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

គោលបំណងនៃទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងឧស្សាហកម្មឈើដាំដោយគ្រោងនឹងវិនិយោគតាំងពីដើមទីដល់ចុងទី មានន័យថាចាប់តាំងពីការបណ្តុះកូនឈើ រហូតដល់ការកែច្នៃជាផលិតផលតែម្តង។ ជាការគូសបញ្ជាក់ លោកប្រធាន។

លោក បានបន្តថា តាមការសិក្សាកម្ពុជាជាប្រទេសមួយដែលមានសក្តានុពលខ្ពស់សម្រាប់ឧស្សាហកម្មឈើដាំដោយសារភាពអំណោយផលនៃអាកាសធាតុ សណ្ឋានដី ទឹក និងមានផ្ទៃដីនៅសល់សម្រាប់ការដាំឈើ។

នាបរិយាកាសនោះ លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រោះបច្ចុប្បន្នកម្ពុជាបាននាំចូលវត្ថុធាតុដើមជាឈើពីក្រៅប្រទេសសម្រាប់យកមកកែច្នៃជាគ្រឿងសង្ហារិម ហើយម្យ៉ាងទៀតយោងតាមច្បាប់វិនិយោគ និងបទដ្ឋានគតិយុត្តិផ្សេងៗ គម្រោងប្រភេទនេះទទួលបានការលើកទឹកចិត្ត។

ក្នុងន័យនេះ លោក បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគក្នុងវិស័យដែលកំពុងមានសក្តានុពលនេះ ដើម្បីអាចឈានទៅទទួលបាននូវផលចំណេញទាំងអស់គ្នានាពេលខាងមុខដ៏ខ្លី។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរង់ចាំទទួលពាក្យសុំចុះបញ្ជីគម្រោងវិនិយោគពីសំណាក់ក្រុមហ៊ុនដោយក្តីរីករាយបំផុត។ ជាការបន្ថែម លោក ជា វុទ្ធី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)