ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សូមតំណាងក្រុមចែកចាយម៉ូតូម៉ាក VESPA នៅកម្ពុជា ពិចារណាវិនិយោគលើការបណ្តុះបណ្តាលបុគ្គលិក និងអ្នកបច្ចេកទេសកម្ពុជា ដែលជាកត្តាជោគជ័យដ៏យូរអង្វែងរបស់ក្រុមហ៊ុន។
តាមការលើកឡើង លោក ជា វុទ្ធី បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធអាគារតាំងបង្ហាញ និងលក់ម៉ូតូម៉ាក VESPA នៅក្នុងប្រទេសកម្ពុជា ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោក បានថ្លែងនូវការអបអរសាទរចំពោះក្រុមហ៊ុន H G B GROUP ក្នុងការទទួលបាននូវសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Piaggio & Co. S.p.A ដើម្បីចែកចាយម៉ូតូម៉ាក VESPA នៅកម្ពុជា។
លោក ក៏បានវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុន Piaggio & Co. S.p.A ដែលបានសម្លឹងឃើញទីផ្សារកម្ពុជាសម្រាប់សកម្មភាពធុរកិច្ចរបស់ខ្លួន។
អគ្គលេខាធិការបានលើកឡើងថា ក្រៅពីការចែកចាយម៉ូតូនៅក្នុងទីផ្សារកម្ពុជា សូមតំណាងក្រុមហ៊ុនពិចារណាវិនិយោគលើការបណ្តុះបណ្តាលបុគ្គលិក និងអ្នកបច្ចេកទេសកម្ពុជាដែលជាកត្តាជោគជ័យដ៏យូរអង្វែងរបស់ក្រុមហ៊ុន ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើសកម្មភាពជាមួយសហគមន៍ ជាពិសេសការអប់រំសុវត្ថិភាពចរាចរណ៍ដែលនឹងជួយគាំទ្រដល់ការអភិវឌ្ឍម៉ាកប្រកបដោយចីរភាព។
អគ្គលេខាធិការសង្ឃឹមថា ទៅថ្ងៃខាងមុខ ក្រុមហ៊ុនទាំងពីរអាចមានលទ្ធភាពចូលរួមធ្វើឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិត និងនាំចេញទៅទីផ្សារក្នុងតំបន់មិនត្រឹមតែម៉ូតូ VESPA ប៉ុន្តែរួមទាំងគ្រឿងបន្លាស់ផងដែរ។
អគ្គលេខាធិការ បានលើកឡើងអំពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវបរិយាកាសវិនិយោគមួយដែលមានភាពអំណោយផលជូនដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស តាមរយៈការបន្តដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់សំដៅលើកកម្ពស់ភាពប្រកួតប្រែជែងរបស់កម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)