ក្រចេះ៖ ផ្លូវជនបទចំនួន ១៤ខ្សែ សរុបប្រវែង ១៣៤,៤០គីឡូម៉ែត្រ នៅក្នុងខេត្តក្រចេះ បានបើកការដ្ឋានសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង នៅក្នុងខេត្តក្រចេះ ក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។
គម្រោងនេះ ជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។
បើតាមពីធីខាងលើ លោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជានាយកគម្រោង បានធ្វើរបាយការណ៍សង្ខេបអំពីសវតា គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) បានទទួលថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ដែលត្រូវសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ដែលមានប្រវែងសរុប ២៨៣.២គ.ម ស្ថិតក្នុងខេត្តគោលដៅចំនួន៣ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ។
បើកការដ្ឋានសាងសង់ផ្លូវជនបទទាំង ១៤ខ្សែ ប្រវែងសរុប ១៣៤,៤០គីឡូម៉ែត្រនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១៥ ២១៨គ្រួសារ ស្មើនឹងប្រជាជនប្រមាណ ៧៦ ០០០នាក់ ក្នុងភូមិចំនួន ៣៥ ឃុំចំនួន ១១ ក្នុងស្រុកចិត្របុរី ស្រុកស្នួល ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ។ ជាការថ្លែងរបស់ លោក ឆាយ ឫទ្ធិសែន។
លោក បានបញ្ជាក់ថា ផ្លូវទាំងនេះនឆងជួយបង្កើនការតភ្ជាប់និងគាំទ្រ ក៏ដូចជាសម្រួលដល់ការប្រកបការងារប្រចាំថ្ងៃ ចំណេញពេលវេលា និងថវិកា ហើយធានាបាននូវការប្រើប្រាស់ផ្លូវបានគ្រប់រដូវកាល ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ចូលទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិកាំពីរ និងអន្លង់ផ្សោតផងដែរ។
នាឱកាសនោះ លោក បានបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពទាំងអស់របស់ខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងទទួលបាននូវសមិទ្ធផលនានាលើគ្រប់វិស័យទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យខេត្តក្រចេះកាន់តែមានសម្រស់ស្រស់បំព្រង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)