ព្រៃវែង៖ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង-តឹនណាម ខេត្តតៃនិញ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម នាព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥។
ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅក្នុងស្រុកតឹងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។
ដំបូងឡើយ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម គ្រាន់តែជាច្រករបៀងដែលប្រជាជននៃប្រទេសទាំងពីរ រស់នៅជិតគ្នាដោះដូរទំនិញ និងកសិផលទៅវិញទៅមក ក្រោយមកនៅអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយទៅជាច្រកទ្វារតំបន់ បន្ទាប់មកទៀតរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងច្រកនេះពីច្រកទ្វារតំបន់ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ” នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤។
បច្ចុប្បន្ន ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ផ្តល់ការដោះដូរពាណិជ្ជកម្មឆ្លងកាត់យ៉ាងមមាញឹក។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុប មានចំនួន ១.៣៨៤.៨៤៦.៥៦៤.០០០រៀល និងទទួលបានចំណូលពន្ធគយសរុបចំនួន ១៩.០៩៥.៨២៤.០០០រៀល។
ការដាក់ឱ្យដំណើរការជាផ្លូវការនូវទ្វារព្រំដែនអន្តរជាតិ បានសបញ្ជាក់ពីភាពជិតស្និទ្ធនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ជាការថ្លែង សម្ដេចធិបតីនាយករដ្ឋមន្រ្តី។
សម្ដេចធិប បានថ្លែងបន្តថា ការណ៍នេះ កំពុងចូលរួមប្រែតំបន់ព្រំដែននេះ ឱ្យក្លាយជាព្រំដែនសុខសន្តិភាព ព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ-សេវា និងជាព្រំដែនដែលមានការអភិវឌ្ឍរីកចម្រើនសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
សម្តេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធខេត្តព្រៃវែង រួមទាំងអាជ្ញាធរខេត្តតៃនិញរបស់វៀតណាមឱ្យបន្តធ្វើការជិតស្និតជាមួយគ្នា ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រសមស្រប និងផែនការសកម្មភាពជាក់លាក់ សំដៅសម្រួលដល់លំហូរទំនិញ-សេវា និងសកម្មភាពធុរកិច្ច។
ជាពិសេស គឺសម្រួលក្នុងវិស័យដែលមានសក្តានុពលខ្ពស់ ដូចជា កសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃសម្រាប់នាំចេញជាដើម ព្រមទាំងប្រយុទ្ធប្រឆាំងនូវឧក្រិដ្ឋឆ្លងដែន។
គួរបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ជាច្រកទ្វារតភ្ជាប់ផ្លូវសេដ្ឋកិច្ច, កិច្ចសហប្រតិបត្តិការ, ពាណិជ្ជកម្ម, និងជានិមិត្តរូបនៃមិត្តភាពជាប្រពៃណីដ៏មានតម្លៃ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ច្រកទ្វារព្រំដែនថ្មីនេះ នឹងជួយជំរុញបន្ថែមនូវការធ្វើពាណិជ្ជកម្មទាំងក្នុងកម្រិតតំបន់ ទាំងកម្រិតថ្នាក់ជាតិ និងកម្រិតអន្តរជាតិឱ្យកាន់តែប្រសើរ។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ចំនួនមនុស្សឆ្លងកាត់ចេញ មាន ៣ ១៨៦នាក់ ( ស្រី១៣៧៦នាក់) និងចំនួនមនុស្សឆ្លងកាត់ចូលមាន ២ ១៥១នាក់ (ស្រី ៨៦៧នាក់)។ ចំណែកឯការដោះដូរពាណិជ្ជកម្មឆ្លងកាត់ច្រកទ្វារព្រំដែន ភាគីទាំងពីរបានបង្កលក្ខណៈងាយស្រួលដល់អាជីវករ ពាណិជ្ជករ ការដឹកជញ្ជូនដោះដូរកសិផល និងទំនិញផ្សេងៗរួមមាន៖ ដំឡូងមី អំពៅ ស្វាយ បន្លែ ផ្លែឈើ គ្រឿងចាប់ហួយ គ្រឿងសំណង់ -ល-៕
ដោយ៖ មឿន ឌីណា (Moeun Dyna)