ភ្នំពេញ៖ ក្នុងរយៈពេល១១ខែឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ប៊ីលានដុល្លារ ចំនួនគម្រោងវិនិយោគមានការកើនឡើង ២២០គម្រោង ស្មើនឹងប្រមាណ ៥៧%។ បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែចំនួន ៣៨៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៥ប៊ីលានដុល្លារអាម៉េរិក។ បើតាមការបញ្ជាក់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងរយៈពេល១១ខែ គណៈកម្មា ធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីតម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៩៥គម្រោង។ ជាការកត់សម្គាល់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ដោយឡែក ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៤ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១៩៦លានដុល្លារ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១២គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦៦លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)