Register Already an agent ? Login

កម្ពុជានិងធនាគារពិភពលោក គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ ២៦០លានដុល្លារ

ភ្នំពេញ៖ កម្ពុជា និងធនាគារពិភពលោក គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ ២៦០លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២៦។ បើតាមជំនួប លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី ម៉ារីយ៉ាម សឺរមែន នាយកគ្រប់គ្រង នៃធនាគារពិភពរលាកប្រចាំប្រទេសកម្ពុជា បានឱ្យដឹងទៀតថា ហើយគ្រោងនឹងបង្កើនទំហំហិរញ្ញប្បទាននេះបន្ថែមទៀត តាមរយៈការកៀរគរពីប្រភពផ្សេងៗទៀតក្នុងឆ្នាំបន្តបន្ទាប់។

ជំនួប លោក អូន ព័ន្ធមុនីរ័ត្ន និងលោកស្រី ម៉ារីយ៉ាម សឺរមែន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃ២ ខែធ្នូ ឆ្នាំ២០២៥។

លោកស្រី ម៉ារីយ៉ាម សើរមែន បានរំលេចអំពីការប្តេជ្ញាចិត្តរបស់ធនាគារ ពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា រួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយធនាគារ ពិភពលោក ឆ្នាំ២០២៥-២០២៩ (Country Partnership Framework CPF 2025-2029)។

លោកស្រី បានលើកឡើងថា ដើម្បីឆ្លើយតបទៅតម្រូវការជាអាទិភាពរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ជារកោណ ដំណាក់កាលទី១ និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, ការវិភាគថ្មី "Country Growth and Jobs Report” ដែលធនាគារពិភពលោកកំពុងរៀបចំ ក្នុងគោលបំណងពិនិត្យលើសមិទ្ធផល សម្រេចបាននាពេលកន្លងមក។

ក៏ដូចជា វាយតម្លៃអំពីកំណើន និងការងាររបស់ប្រទេសជាសមាជិក រួមទាំង កម្ពុជាផង ដើម្បីផ្តល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានការអន្តរាគមន៍ឱ្យចំគោលដៅ ជំរុញបង្កើតការងារ ដែលជាគោលដៅអភិវឌ្ឍន៍ដ៏ចម្បងរបស់ធនាគារពិភពលោក។ ជាការលើកឡើងបន្ត លោកស្រី ម៉ារីយ៉ាម សើរមែន។

លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងធនាគារពិភពលោក សម្រាប់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាដែលផ្តោតលើ វិស័យសំខាន់ៗរួមមាន៖ វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យថាមពល, វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការកែទម្រង់ជារចនាសម្ព័ន្ធតាមរយៈកម្មវិធីអភិវឌ្ឍន៍គោលនយោបាយ (Development Policy Operation)។

លោក បានបន្តថា ពង្រឹងភាពធន់, ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម, ការពង្រឹងភាពប្រកួតប្រជែង, និងការបង្កើនការងារធ្វើ សំដៅជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់តែលឿនរហ័ស។

​ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដូចជា គោលនយោបាយពន្ធគយ បដិការ, និងកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ, លោក អូន ព័ន្ធមុនីរ័ត្ន និងលោកស្រី ម៉ារីយ៉ាម សឺរមែន បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតលើវិស័យគន្លឹះដូចជា៖

១. វិស័យហិរញ្ញវត្ថុ ដែលផ្តោតលើការរៀបចំសំណាញ់សុវត្ថិភាពក្នុងវិស័យហិរញ្ញវត្ថុ និងកម្មវិធីវាយតម្លៃវិស័យហិរញ្ញវត្ថុ, ២. វិស័យគាំពារសង្គម ដែលផ្តោតលើការបន្តពង្រឹងសមត្ថភាពទាំងយន្តការ និងការវិភាជធនធាន ឆ្លើយតបឱ្យបានរហ័ស ទាន់ពេលវេលាក្នុងពេលមានវិបត្តិ។

ជាពិសេស បន្តគាំទ្រដល់ជនងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព ក្រោមក្រប ខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥, ៣. ការចូលរួមពីវិស័យឯកជននៅកម្ពុជាក្នុងវិស័យ ថាមពល; និង ៤. ការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង ការអភិវឌ្ឍមនុស្ស ជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)