Register Already an agent ? Login

កម្ពុជា ទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៥លាន៧សែននាក់ កើន១៤% តភ្ជាប់ជើងហោះហើរ១៦ប្រទេស

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ នៃឆ្នាំ ២០២៥ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ កំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៦ប្រទេស និង៣៩ទីក្រុង ដោយបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៥លាន ៧សែននាក់ ពោលគឺមានការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែ ៥លាននាក់។ បើតាមសារលិខិត ទិវាជាតិអាកាសចរណ៍ស៊ីវិល » លើកទី១។

នៅក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ក្នុងនោះ បានតភ្ជាប់ទៅកាន់ ៨ប្រទេស ក្នុងតំបន់អាស៊ាន ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ប្រទេសឥណ្ឌា ប្រទេសកាតា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសជប៉ុន។

បើតាមសារលិខិតចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានរម្លឹកថា វិស័យអាកាសចរណ៍ស៊ីវិល ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ក្នុងការដាក់ឱ្យអនុវត្តគោលនយោបាយបើកចំហជើងមេឃ ដែលបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលំហូរអ្នកដំណើរនិងទំនិញតាមផ្លូវអាកាស។

គោលនយោបាយបើកចំហជើងមេឃនេះដើម្បី ចូលរួមចំណែកអភិវឌ្ឍទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្មនិងការផ្សារភ្ជាប់ទំនាក់ទំនងសង្គមកាន់តែច្រើន ក៏ដូចជា ការចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ ក្រោមយន្តការនៃការធ្វើសេរីភាវូបនីយកម្មនៃការដឹកជញ្ជូនតាមផ្លូវ អាកាសទ្វេភាគី និងពហុភាគីអាស៊ាន។ ជាការបញ្ជាក់ នៅក្នុងសារលិខិត សម្តេចធិបតី។

បើតាម សារលិខិត ទិវាជាតិអាកាសចរណ៍ស៊ីវិល » លើកទី១ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា ទន្ទឹមនឹងការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ ដោយក្នុងនោះក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិល កម្ពុជាបានសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប ៣,៦០០លានដុល្លារអា រួមមាន៖

-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រភេទ 4E ក្រោមទឹកប្រាក់វិនិយោគ ១,១០០លានដុល្លារ ជាគម្រោង Build - Operate - Transfer (BOT) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៣។

-អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ប្រភេទ4D ក្រោមទឹកប្រាក់វិនិយោគ ២០០លានដុល្លារ ជាគម្រោង Build - Own - Operate (BOO) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៤។

-អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ក្រោមទឹកប្រាក់វិនិយោគ ២,៣០០ លានដុល្លារអាមេរិក ដែលបានសម្ពោធដាក់ដំណើរកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

ការប្រារព្ធទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើង គឺ ដែលបានសម្រេច ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងស្របតាមស្មារតីរបស់អង្គការអាកាស ចរណ៍ស៊ីវិលអន្តរជាតិ (International Civil Aviaiton Organization - ICAO) ផងដែរ។ ជាការបន្ថែមនៅ សារលិខិតខាងលើ។

សារលិខិតដដែលនេះថា បានបង្កើតនិង ប្រារព្ធពិធី «ទិវាអាកាសចរណ៍ស៊ីវិលពិភពលោក» ជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ ខែធ្នូ ក្នុងគោលបំណងប្រារព្ធខួបនៃ ការចុះហត្ថលេខាអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ដែលត្រូវបានគេស្គាល់ថា ជាអនុសញ្ញាឈីកាហ្គោ-Chicago Convention) និងបង្កើនការទាក់ទាញវិស័យអាកាសចរណ៍ស៊ីវិលពិភពលោក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)