ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តផ្នែកពន្ធដារសំខាន់ៗចំនួន ៦ ចំណុច ចំពោះពន្ធប្រថាប់ត្រាលើ ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ។
ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនដើម្បី ជំរុញកំណើនក្នុងវិស័យនេះ ក្នុងនោះ បានលើកទឹកចិត្តផ្នែកពន្ធដារសំខាន់ៗចំនួន ៦ចំណុច ចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។
ខាងលើនេះ ជាការលើកឡើង លោក ង៉ែត មីដូ និងលោកស្រី ចុង គឹមគាង អនុប្រធានការិយាល័យនៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឫសិទ្ធិកាន់កាប់អចលនទ្រព្យ”។
បើតាមវាគ្មិនឬទាំងពីរ បានបញ្ជាក់ថា ការលើកទឹកចិត្តផ្នែកពន្ធដារសំខាន់ៗចំនួន ៦ចំណុច ចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ទាំងនោះ រួមមាន៖
១-លើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិ ជាលើកដំបូង (First-Time Home Buyer) ដែលមានតម្លៃក្រោម ឬស្មើ ឬលើស ២១០ ០០០ (ម្ភៃមួយម៉ឺន) ដុល្លារ។
២-លើកលែងពន្ធប្រថាប់ត្រាលើការទទួលកម្មសិទ្ធិ ដែលមានតម្លៃស្មើ ឬទាបជាង ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារ ឬអនុញ្ញាតឱ្យដកទំហំ ទឹកប្រាក់ ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាសម្រាប់លំនៅឋានដែលមានតម្លៃលើស ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារ ចំពោះលំនៅឋានបន្តបន្ទាប់។
៣-អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំបានចុះបញ្ជី (គ្មានបណ្ណកម្មសិទ្ធិ) តែមួយលើកចុងក្រោយ រហូត ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ ចំពោះអចលនទ្រព្យដែលមានសាវតារផ្ទេរបន្តដៃគ្នាច្រើនដងមុនថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ និងអនុញ្ញាត ឱ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ៦០០ ០០០ ០០០ (ប្រាំមួយរយលាន) រៀល ចំពោះអចលនទ្រព្យដែលស្នើសុំចុះបញ្ជី ដំបូងនៅរដ្ឋបាលសារពើពន្ធ។
៤-អនុគ្រោះឱ្យបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជីរួច (មានបណ្ណកម្មសិទ្ធិ) តែមួយលើក រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ ចំពោះអចលនទ្រព្យដែលបានផ្ទេរទាំងស្រុង ឬពុះឡូត៍ ឬបំបែកក្បាលដី បន្តដៃគ្នាពីម្នាក់ទៅដៃម្នាក់ច្រើនដងនៅត្រឹមថ្នាក់ ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ដែលធ្វើឡើងមុនឆ្នាំ២០១៧។
៥-ការទទួលកម្មសិទ្ធិឫសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាល។
៦-ការទទួលកម្មសិទ្ធិឫសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)