Register Already an agent ? Login

ធុរកិច្ចដែលជាអ្នកវិនិយោគ ទស្សនកិច្ចមកកម្ពុជាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចដែលជាអ្នកវិនិយោគស្ថាប័នដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc ទស្សនកិច្ចមកកម្ពុជា ដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា និងស្វែងរកកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យមូលបត្រ។

លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចដែលជាអ្នកវិនិយោគស្ថាប័នដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សមាសភាពគណៈប្រតិភូរួមមាន តំណាងក្រុមហ៊ុនដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យមូលបត្រ និងវិស័យហិរញ្ញវត្ថុ។

បើតាមការបញ្ជាក់ ប្រតិភូធុរកិច្ច គោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ គឺដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា និងស្វែងរកកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យមូលបត្រប៉ុណ្ណោះ។

ប្រតិភូធុរកិច្ច បានលើកឡើងបន្តថា មិនត្រឹមតែ វិស័យមូលបត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិស័យមួយចំនួនផ្សេងទៀតដូចជា កម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុ។

នៅក្នុងកិច្ចពិភាក្សា អគ្គលេខាធិការរង បានជម្រាបជូនគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយចំនួនដែលកម្ពុជាខិតខំសម្រេចបាន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជា, ការរីកចម្រើននៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

បន្ថែមលើនេះ លោក ក៏បានលើកឡើងពីរបបលើកទឹកចិត្តវិនិយោគដែលពោរពេញដោយភាពទាក់ទាញ, ពន្ធដារ, កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា, កិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)